ក្រុមប្រឹក្សារដ្ឋរបស់ចិនបាននិយាយក្នុងឯកសារដែលមានសេចក្ដីណែនាំចំនួន ២៤ ចំណុចថា អាជ្ញាធរគួរតែបង្កើនការការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកវិនិយោគបរទេសរួមទាំងការពង្រឹងការអនុវត្តកម្មសិទ្ធិបញ្ញាផងដែរ។
ឯកសារនេះក៏បានប្រកាសផងដែរពីគោលការណ៍ណែនាំមួយចំនួនដើម្បីបង្កើនការគាំទ្រសារពើពន្ធ និងការលើកទឹកចិត្តផ្នែកពន្ធសម្រាប់សហគ្រាសវិនិយោគបរទេសដូចជាការលើកលែងពន្ធលើប្រាក់ចំណូលបណ្តោះអាសន្នសម្រាប់ក្រុមវិនិយោគិនបរទេសដែលបានវិនិយោគប្រាក់ចំណេញរបស់ពួកគេឡើងវិញនៅក្នុងប្រទេសចិន។
ក្រុមប្រឹក្សារដ្ឋនេះបាននិយាយថា ខ្លួននឹងស្វែងរក«យន្តការគ្រប់គ្រងដ៏ងាយស្រួល និងសុវត្ថិភាព»សម្រាប់រំហូរទិន្នន័យឆ្លងព្រំដែន។ សំណើនេះបានកើតឡើងចំពេលមានភាពតានតឹងរវាងអាជ្ញាធរ និងសហគ្រាសអន្តរជាតិរួមទាំងក្រុមហ៊ុនគណនេយ្យពិភពលោកជុំវិញសុវត្ថិភាពទិន្នន័យផងដែរ។
ប្រទេសចិនបានស្វែងរកការទាក់ទាញមូលធនបរទេសខណៈដែលការស្ទុះងើបសេដ្ឋកិច្ចរបស់ខ្លួនពីជំងឺកូវីដមានភាពយឺតយ៉ាវនៅចំពោះមុខនៃតម្រូវការនាំចេញខ្សោយពីដៃគូពាណិជ្ជកម្មសំខាន់ៗ និងភាពចលាចលដែលកំពុងកើតមាននៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន។
ទោះជាយ៉ាងណា មកដល់ពេលនេះទីក្រុងប៉េកាំងបានព្យាយាមទាក់ទាញសហគ្រាសបរទេស និងអ្នកវិនិយោគដែលប្រយ័ត្នប្រយែងពីហានិភ័យនយោបាយនៅក្នុងបរិយាកាសដែលផ្តល់អាទិភាពកាន់តែខ្លាំងឡើងចំពោះវិធានការសន្តិសុខជាតិ និងការព្រួយបារម្ភពីផលប៉ះពាល់នៃការចុះខ្សោយទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសបស្ចិមលោកជាច្រើនចំពោះប្រតិបត្តិការរបស់ពួកគេ។
លោក តុង សាវផេង (Dong Shaopeng) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានចុងយ៉ាង (Chongyang) នៅសាកលវិទ្យាល័យរ៉េនមីន (Renmin) ប្រទេសចិនបានប្រាប់សារព័ត៌មាន Global Times កាលពីថ្ងៃអាទិត្យថា គោលការណ៍ណែនាំនេះគឺជាវិធានការបន្តក្នុងបំណងរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនកាលពីថ្ងៃទី២៤ ខែកក្កដាដែលបានផ្តល់មូលដ្ឋានគោលនយោបាយសម្រាប់ការងារសេដ្ឋកិច្ចនៅឆមាសចុងក្រោយឆ្នាំ២០២៣ និងអាចបន្តជាឆ្នាំបន្តបន្ទាប់ទៀត។
ចំណែកលោក លី យ៉ុង (Li Yong) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសមាគមពាណិជ្ជកម្មអន្តរជាតិចិនបានប្រាប់សារព័ត៌មានដដែលនេះកាលពីថ្ងៃអាទិត្យថា ការគាំទ្រសារពើពន្ធនិងពន្ធនៅក្នុងគោលការណ៍ណែនាំនេះអាចផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់វិនិយោគិនបរទេស ហើយថាតំបន់សាកល្បងពាណិជ្ជកម្មសេរីជាច្រើននៅទូទាំងប្រទេសចិន និងគោលនយោបាយដែលបានអនុវត្តរួចហើយបានជួយសម្រួលដល់អាជីវកម្មក្នុងស្រុករបស់វិនិយោគិនបរទេសតាមរយៈការកាត់បន្ថយពន្ធ។
លោក លី បានបន្ថែមថា វិធានការចុងក្រោយបំផុតនេះគឺស្របតាមគោលនយោបាយជាប់លាប់របស់ចិនក្នុងការបើកចំហប្រកបដោយគុណភាពខ្ពស់ ហើយថែមទាំងបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកវិនិយោគបរទេស៕
អត្ថបទ ៖ សុខ ជា