វិស័យសេដ្ឋកិច្ច

ការបង្កើនកញ្ចប់ថវិកាលើវិស័យការពារជាតិ អាចធ្វើឱ្យប៉ះពាល់ដល់ផែនការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់របស់កម្ពុជា ទេ?


តើកម្ពុជា គួរជ្រើសរើសយកការកសាងកម្លាំងទ័ព ដើម្បីបង្ការហានិភ័យភូមិសាស្ត្រនយោបាយ ឬផ្ដោតលើការជំរុញសេដ្ឋកិច្ច ដើម្បីសម្រេចមហិច្ឆតា ឆ្នាំ២០៣០? នេះគឺជាសំណួរដ៏ក្ដៅគគុកមួយ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិ ឆ្នាំ២០២៦ ក្នុងទំហំទឹកប្រាក់សរុបរហូតដល់ទៅ ១០ពាន់លានដុល្លារអាម៉េរិក លើសពីចំណូលជាតិ ដែលមានត្រឹមតែជាង៨ពាន់លានដុល្លារអាម៉េរិកតែប៉ុណ្ណោះ ហើយថវិកាជាតិឆ្នាំនេះ ផ្តល់អាទិភាពខ្ពស់ដល់វិស័យការពារជាតិ។
វិស័យសេដ្ឋកិច្ច
ដោយ

ក្រុមអ្នកជំនាញបានមើលឃើញពីភាពចាំបាច់ នៃការបង្កើនថវិកាការពារជាតិ ប៉ុន្តែក៏ព្រមានពីបញ្ហាការខ្ចីបុលពីបរទេសផងដែរ។ តើផែនការបង្កើនកញ្ចប់ថវិកាការពារជាតិនេះនឹងផ្ដល់ផលចំណេញ ឬ ផលរំខានដល់កំណើនសេដ្ឋកិច្ចជាតិ?

លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ការពង្រឹងសមត្ថភាពការពារជាតិ ដោយខ្លួនឯង វាជារឿងចាំបាច់សម្រាប់កម្ពុជា ក្នុងកាលៈទេសៈ ដែលកម្ពុជា កំពុងរងការឈ្លានពានពីយោធាថៃ និងបញ្ហាភូមិសាស្រ្តនយោបាយសកលកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នេះ។ បើតាមអ្នកជំនាញរូបនេះ ការបង្កើនការចំណាយលើវិស័យការពារជាតិនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ផែនការរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ចំណូលខ្ពស់នៅឆ្នាំ២០៥០ នោះទេ ប្រសិនបើរដ្ឋាភិបាល ចេះប្រើប្រាស់យុទ្ធសាស្ត្រកាត់បន្ថយដើម្បីបង្កើន ពោលគឺកាត់បន្ថយមន្ត្រីលើសតម្រូវការ ហើយបង្វែរមកពង្រឹងសមត្ថភាពផលិតកម្ម និង ការនាំចេញ។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ហាក់បារម្ភពីអតុល្យភាពនៃថវិកាជាតិ ក្រោយនៅឆ្នាំ២០២៦ រាជរដ្ឋាភិបាលគ្រោងចំណាយរហូតដល់ជាង ១០ពាន់លានដុល្លារ ខណៈចំណូលមានប្រមាណជាង ៨ពាន់លានដុល្លារតែប៉ុណ្ណោះ។ សម្រាប់អ្នកជំនាញរូបនេះ ការដែលចំណាយលើសចំណូល អាចនឹងរុញច្រានកម្ពុជា ឱ្យធ្លាក់ក្នុងអន្ទាក់បំណុលបរទេសបន្ថែមទៀត ដើម្បីយកមកបំពេញចន្លោះប្រហោងនៃកញ្ចប់ថវិកាជាតិ ដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង។

យ៉ាងណាមិញ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ចយល់ឃើញថា ការបង្កើនកញ្ចប់ថវិកាជាតិ សម្រាប់វិស័យការពារជាតិ នៅឆ្នាំ២០២៦ របស់រដ្ឋាភិបាល គឺជារឿងដ៏ចាំបាច់មួយ ព្រោះវាជាមូលដ្ឋានសំខាន់សម្រាប់ធានាបាននូវកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង​។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការចំណាយលើវិស័យការពារជាតិ ហាក់បីដូចជាចំណាយលើវិស័យសេដ្ឋកិច្ចដូច្នោះដែរ ព្រោះបើគ្មានសន្តិសុខជាតិ និងអធិបតេយ្យភាពទឹកដីដ៏រឹងមាំទេ ក៏គ្មានអ្នកវិនិយោគណាហ៊ានមកបោះទុនដែរ។ សម្រាប់អ្នកជំនាញរូបនេះ សន្តិសុខជាតិ គឺជាគ្រឹះ នៃទំនុកចិត្ត ដែលជំរុញឱ្យវិស័យទេសចរណ៍ និង ពាណិជ្ជកម្មដើរទៅមុខ។

ជារួមសម្រាប់ឆ្នាំ២០២៦ នេះ កម្ពុជា ហាក់កំពុងដើរលើផ្លូវទន្ទឹមគ្នារវាងសន្តិសុខជាតិ និង សេដ្ឋកិច្ច។ គួរបញ្ជាក់ថា នៅឆ្នាំ២០២៦ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកា៤០,៩១៣ ប៊ីលានរៀលប្រមាណ១០ពាន់លានដុល្លារស្មើនឹងជាង១៨%នៃផលិតផលក្នុងសរុប មានការកើនឡើង ៧,៨% បើធៀបនឹងឆ្នាំ២០២៥ ដោយថវិកាទាំងនេះផ្ដោតសំខាន់លើកិច្ចការការពារអធិបតេយ្យ និង បូរណភាពទឹកដី៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជា អាចទាញប្រយោជន៍អ្វីខ្លះពីការចូលជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមបង្កើតឡើងដោយលោកត្រាំ?

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ …

ធនាគារ ខេប៊ីប្រាសាក់ ទទួលបានវិញ្ញាបនបត្រអនុលោមភាព សម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យសន្តិសុខសម្រាប់អតិថិជនប្រើសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT សម្រាប់ឆ្នាំ 2025

រាជធានីភ្នំពេញ ថ្ងៃទី 23 ខែមករា ឆ្នាំ 2026 ៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពដែលបានទទួលវិញ្ញាបនបត្រអនុលោមភាពសម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ