
ក្រុមហ៊ុនផ្គត់ផ្គង់ និងក្រុមហ៊ុនវាយនភណ្ឌ និងក្រុមហ៊ុនឥណ្ឌា ជាច្រើនទៀតគ្រោងនឹងពង្រីកផលិតកម្មទៅកាន់ប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក ដែលជាប់ពន្ធទាបរហូតដល់១០% ពីអាម៉េរិក ខណៈអាម៉េរិក កំពុងយកពន្ធខ្ពស់បំផុតរហូតដល់៥០% លើការនាំចេញរបស់ឥណ្ឌា។ ជាមួយគ្នានេះ ក្រុមហ៊ុននាំចេញត្បូងពេជ្រ និងគ្រឿងអលង្ការរបស់ឥណ្ឌា ក៏កំពុងស្វែងរកការពង្រីកប្រតិបត្តិការទៅកាន់ទ្វីបនេះផងដែរ។
បើតាមការកត់សម្គាល់របស់ Bloomberg Economics កាលពីសប្តាហ៍មុន ក្រុមហ៊ុនឥណ្ឌា ជាច្រើនកំពុងពុះពារ ដើម្បីប៉ះប៉ូវការឈឺចាប់ ដែលបង្កឡើងដោយពន្ធរបស់អាម៉េរិក និងកំពុងស្វែងរកដំណោះស្រាយ ដើម្បីបន្តបម្រើអតិថិជនអាម៉េរិក។ វិស័យដែលពឹងផ្អែកលើកម្លាំងពលកម្មដូចជាគ្រឿងអលង្ការ និងសម្លៀកបំពាក់ជាដើម គឺបានរងផលប៉ះពាល់ខ្លាំងបំផុត ហើយការយកពន្ធរបស់អាម៉េរិក អាចកាត់បន្ថយការនាំចេញទំនិញមួយចំនួនរហូតដល់៩០%។
ការនាំចេញរបស់ឥណ្ឌាទៅកាន់ទីផ្សារអាម៉េរិក ដែលជាទីផ្សារដ៏ធំ ដែលមានចំណែករហូតដល់ជាងពាក់កណ្តាល នៃការនាំចេញសរុបរបស់ខ្លួន អាចនឹងដាំក្បាលចុះខ្លាំង បន្ទាប់ពីពន្ធខ្ពស់របស់អាម៉េរិក បានចូលជាធរមានកាលពីថ្ងៃពុធ សប្តាហ៍មុន។ ឥណ្ឌា បាននាំចេញផលិតផលវាយនភណ្ឌ គ្រឿងអលង្ការ និងត្បូងពេជ្រ ទៅកាន់ទីផ្សារអាម៉េរិក មានតម្លៃសរុបជាង២០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣៕
ដោយ៖ សុខ មង្គល