ប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនបំផុតក្នុងពិភពលោករហូតដល់ទៅជាង១,៤ ពាន់លាននាក់នឹងពង្រីកការបណ្ដុះបណ្ដាលមុខវិជ្ជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទៅដល់សិស្សដែលមានអាយុតិចរហូតដល់៨ឆ្នាំ។ រដ្ឋាភិបាលឥណ្ឌា មានគោលបំណងធ្វើឱ្យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្លាយជាជំនាញមូលដ្ឋានសម្រាប់សិស្សជិត២០០លាននាក់ ប៉ុន្តែក្រុមអ្នកជំនាញចោទជាសំណួរថា តើសាលារៀន និងគ្រូបង្រៀនរបស់ឥណ្ឌា បានត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់បំពេញគោលដៅដ៏មហិច្ឆតានេះ។
គោលនយោបាយថ្មីនេះនឹងបន្ថែមមេរៀនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ចាប់ពីថ្នាក់ទី៣ដល់ថ្នាក់ទី៥ រួមជាមួយនឹងកម្មវិធីដែលមានស្រាប់សម្រាប់សិស្សធំៗ។ ទោះជាយ៉ាងណា គ្រូបង្រៀនជាច្រើននៅតែខ្វះការបណ្តុះបណ្តាលឌីជីថលនៅឡើយ ហើយមានតែប្រមាណ៦៣% ប៉ុណ្ណោះនៃសាលារៀន ដែលមានអ៊ីនធឺណិតប្រើប្រាស់។ នៅតំបន់ជនបទ សាលារៀនមួយចំនួនមានកុំព្យូទ័រដំណើរការតែមួយប៉ុណ្ណោះសម្រាប់សិស្សជាច្រើនរៀនផ្ដុំគ្នា។
ក្រុមអ្នកជំនាញព្រមានថា បើមិនកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងផ្លាស់ប្តូរពីការរៀនទន្ទេញចាំទេ នោះកម្មវិធីនេះអាចនឹងមិនអាចទទួលបានជោគជ័យឡើយ។ ពួកគេជំរុញឱ្យធ្វើមេរៀនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI មានភាពជាក់ស្តែង និងពាក់ព័ន្ធ ដោយប្រើហ្គេម រឿងរ៉ាវ និងឧទាហរណ៍ដូចជាជំនួយការសំឡេង ឬកម្មវិធីបកប្រែជាដើម ដើម្បីជួយកុមារឱ្យយល់ពីគោលគំនិតនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៕
ដោយ: តែម សុខុម