ពលករឥណ្ឌា កំពុងត្រូវប៉ាន់ ខណៈរុស្ស៊ី និងអ៊ុយក្រែន ខ្វះកម្លាំងពលកម្មច្រើន តែក៏ប្រឈមហានិភ័យចាញ់បោកគេធ្លាក់ខ្លួនធ្វើជាទាហានស៊ីឈ្នួល ដោយខ្លះបាត់បង់ជីវិត ហើយខ្លះបាត់ដំណឹងសូន្យឈឹង។ ប្រទេសរុស្ស៊ីបានចេញប័ណ្ណការងារប្រហែល២៤ម៉ឺនប័ណ្ណដល់ជនបរទេសកាលពីឆ្នាំ២០២៥ ដោយកើនឡើង១៥៩% បើធៀបនឹងឆ្នាំ២០២១ មុនពេលប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ឥណ្ឌា គឺជាប្រភពកម្លាំងពលកម្មធំបំផុតទី២ បន្ទាប់ពីប្រទេសចិន ដោយទទួលបានប័ណ្ណការងារចំនួន៥៦.០០០ប័ណ្ណ ហើយចំនួនពលករបង់ក្លាដែស និងស្រីលង្កា ក៏មានការកើនឡើងខ្លាំងផងដែរ។
ប្រទេសរុស្ស៊ី និងឥណ្ឌា បានព្រមព្រៀងគ្នាសម្រួលនីតិវិធីជ្រើសរើសពលករបរទេស ហើយទីក្រុងមូស្គូ មានគម្រោងទទួលយកកម្មករឥណ្ឌាជាង៧ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ ជនជាតិឥណ្ឌា កំពុងធ្វើការក្នុងវិស័យការងារដូចជាជួសជុលរថយន្ត បច្ចេកវិទ្យាព័ត៌មាន កសិកម្ម ការសម្អាតផ្លូវ និងសំណង់ជាដើម។
ចំណែកឯអ៊ុយក្រែន ក៏កំពុងទទួលយកពលករបរទេសកាន់តែច្រើនផងដែរ ដោយចេញប័ណ្ណការងារជាង៧ពាន់ប័ណ្ណកាលពីឆ្នាំមុន។ អ៊ុយក្រែនកំពុងស្វែងរកការជ្រើសរើសពលករមកពីអាស៊ីខាងត្បូង និងអាម៉េរិកឡាទីនផងដែរ ជាពិសេសសម្រាប់ការសាងសង់ និងកសិកម្ម។
ប្រទេសទាំងពីរនេះប្រឈមមុខនឹងកង្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ។ អត្រាគ្មានការងារធ្វើរបស់ប្រទេសរុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន គឺត្រឹម២,២% ខណៈដែលប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងកង្វះខាតកម្មករចំនួន៤,៥លាននាក់ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។
ទោះជាយ៉ាងណា ការជ្រើសរើសពលករបរទេសរបស់ប្រទេសរុស្ស៊ី បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង។ ប្រទេសមួយចំនួននិយាយថា ពលរដ្ឋរបស់ពួកគេបានចាញ់ការបោកបញ្ឆោត ហើយក្រោយមកត្រូវបានបញ្ជូនទៅប្រយុទ្ធក្នុងសង្គ្រាម។ ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់នៅខែធ្នូ ឆ្នាំ២០២៥ ថា ពលរដ្ឋឥណ្ឌាចំនួន២០២នាក់ត្រូវបានជ្រើសរើសឱ្យចូលបម្រើកងទ័ពរុស្ស៊ី។ ទន្ទឹមនេះ ប្រទេសកេនយ៉ា ក៏បានរាយការណ៍នៅខែកុម្ភៈ ឆ្នាំ២០២៦ នេះដែរថា ពលរដ្ឋកេនយ៉ានជាង១ពាន់នាក់ត្រូវបានជ្រើសរើសចូលបម្រើកងទ័ពរុស្ស៊ី៕
ដោយ: តែម សុខុម