អ្នកនាំពាក្យផ្លូវការនៃក្រសួងការបរទេសឥណ្ឌា លោក ស្រ៊ី រ៉ានធៀ ចៃស្វ៉ាល (Shri Randhir Jaiswal) បានលើកឡើងនៅក្នុងលិខិតផ្លូវការយ៉ាងដូច្នេះថា “យើងបានឃើញរបាយការណ៍ស្តីពីការរុះរើរូបសំណាក តំណាងឱ្យសាសនាហិណ្ឌូ ដែលបានសាងសង់ឡើងកាលពីពេលថ្មីៗនេះ និងមានទីតាំងនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនថៃ-កម្ពុជា ដែលកំពុងតែនៅបន្ត។”
លោកបន្ថែមថា អាទិទេពហិណ្ឌូ និងពុទ្ធសាសនា ត្រូវបានគោរពបូជាយ៉ាងជ្រាលជ្រៅដោយប្រជាជនទូទាំងតំបន់ ដែលជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមរបស់យើង។ ទោះបីជា មានការទាមទារទឹកដីក៏ដោយ តែទង្វើមិនគោរពបែបនេះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកគោរពជឿជាក់នៅជុំវិញពិភពលោក ហើយរឿងបែបនេះមិនគួរកើតឡើងឡើយ។
អ្នកនាំពាក្យផ្លូវការនៃក្រសួងការបរទេសឥណ្ឌា បានអំពាវនាវជាថ្មីម្តងទៀត ដល់ភាគីទាំងពីរ កម្ពុជា និងថៃ ឱ្យវិលត្រឡប់ទៅរកការសន្ទនា និងការងារទូត ដើម្បីស្តារសន្តិភាពឡើងវិញ និងជៀសវាងកុំឱ្យមានការបាត់បង់ជីវិតមនុស្ស និងការខូចខាតទ្រព្យសម្បត្តិ និងបេតិកភណ្ឌបន្ថែមទៀត"។
សូមបញ្ជាក់បន្ថែមថា ក្រោយពីមានការវាយកម្ទេចរូបសំណាក់ហិណ្ឌូនេះ ក៏មានការជជែកវែកញែកនៅលើបណ្ដាញសង្គមជាច្រើនផងដែរ ដោយអ្នកខ្លះបានលើកឡើងជាគំនិតថា តាមរយៈសកម្មភាពគ្មានការគោរពចំពោះសាសនាដទៃរបស់យោធាថៃបែបនេះ ភ្ញៀវទេសចរឥណ្ឌា គួរតែពិចារណាជាថ្មី ប្រសិនបើចង់ទៅលេងកម្សាន្ដនៅប្រទេសថៃ ដ្បិតសាសនាហិណ្ឌូរបស់ពួកគេ ត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរពីសំណាក់កងទ័ពថៃ ដែលកំពុងឈ្លានពានទឹកដីប្រទេសកម្ពុជា។