វិស័យ ពាណិជ្ជកម្ម

ឥណ្ឌូនេស៊ី នៅតែបន្តចរចាជាមួយអាម៉េរិក ដើម្បីទាមទារឱ្យទម្លាក់ពន្ធគយមកនៅសូន្យភាគរយ


ឥណ្ឌូណេស៊ី ដែលជាបងធំនៅតំបន់អាស៊ាន កំពុងបន្តចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីទាមទារឱ្យអាម៉េរិក បន្ធូរបន្ថយពន្ធឱ្យដល់សូន្យភាគរយ បើទោះបីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីសប្តាហ៍មុនពីការយកពន្ធបដិការ១៩% សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក៏ដោយ ខណៈឥណ្ឌូនេស៊ីនឹងយកពន្ធសូន្យភាគរយសម្រាប់ផលិតផលអាម៉េរិក ចំនួន៩៩%។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យ ពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ៍ សប្ដាហ៍មុនបានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ី ក្នុងអត្រាពន្ធគយ១៩% សម្រាប់ការនាំចូលទំនិញមកពីឥណ្ឌូនេស៊ី ប៉ុន្តែលោក ស៊ូស៊ីវីជូណូ ម៉ូហ្គីអាសូ (Susiwijono Moegiarso) រដ្ឋលេខាធិការក្រសួងសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូនេស៊ី បានប្រាប់អ្នកយកព័ត៌មានថា ឥណ្ឌូនេស៊ីនឹងបន្តចរចាជាមួយអាម៉េរិក ដើម្បីស្នើសុំការបន្ធូរបន្ថយពន្ធនេះរហូតដល់០% សម្រាប់ទំនិញនាំចេញរបស់ខ្លួន។

លោក ម៉ូហ្គីអាសូ បាននិយាយថា ឥណ្ឌូនេស៊ី បានស្នើសុំមិនយកពន្ធជាពិសេសលើផលិតផលសំខាន់ៗដែលមានតម្រូវការខ្ពស់នៅសហរដ្ឋអាម៉េរិក ខណៈឥណ្ឌូនេស៊ី ត្រូវបានគេចាត់ទុកថា ជាអ្នកផ្គត់ផ្គង់ដែលអាចទុកចិត្តបានរួមទាំងប្រេងដូងឆៅ កាហ្វេ កាកាវ និងរ៉ែនីកែលផងដែរ។ លោកបានបន្តថា ដោយសារតែឥណ្ឌូនេស៊ី បានព្រមព្រៀងលើការមិនយកពន្ធសម្រាប់ផលិតផល៩៩% របស់អាម៉េរិក ដែលនាំចេញទៅកាន់ប្រទេសសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដូច្នេះហើយវានៅតែមានឱកាសសម្រាប់ឥណ្ឌូនេស៊ី ក្នុងការចរចាជាមួយអាម៉េរិក បន្តទៀត ខណៈកាលបរិច្ឆេទនៃការយកពន្ធនេះនៅសល់ពេលយូររហូតដល់ថ្ងៃទី១ ខែសីហា។

ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាម៉េរិក និងឥណ្ឌូនេស៊ីនេះ បានធ្វើឡើងក្រោយលោក ត្រាំ បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីបានប្ដេជ្ញាចិត្តចំណាយប្រាក់១៥ពាន់លានដុល្លារ ដើម្បីទិញថាមពលអាម៉េរិក និងចំណាយប្រាក់៤,៥ពាន់លានដុល្លារទៀត ដើម្បីទិញផលិតផលកសិកម្ម និងយន្តហោះប៊ូអ៊ីង៥០គ្រឿងរបស់អាម៉េរិក ដោយភាគច្រើនជាប្រភេទយន្តហោះប៊ូអ៊ីង៧៧៧។

ទោះយ៉ាងណា ក្រុមហ៊ុនឧស្សាហកម្មឥណ្ឌូនេស៊ី នៅតែមានភាពមិនច្បាស់លាស់ថា តើពន្ធ១៩% របស់អាម៉េរិកនោះនឹងត្រូវអនុវត្តលើផលិតផលឥណ្ឌូនេស៊ីទាំងអស់ ឬគ្រាន់តែអនុវត្តសម្រាប់ទំនិញសំខាន់ៗដូចជាប្រេងដូង និងវាយនភណ្ឌ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន គ្រោងដាក់ឱ្យដំណើរការតាក់ស៊ីហោះសាកល្បងនៅឆ្នាំឆមាសទី២ ឆ្នាំនេះ

តាក់ស៊ីហោះកម្ពស់ទាបពី១០០ ទៅ៣០០ម៉ែត្រ អាចនឹងត្រូវបានក្រុមហ៊ុនចិន ផលិត ហើយនាំចេញទៅកាន់ប្រទេសមួយចំនួននៅអំឡុងឆ្នាំ២០២៧។ ក្រុមហ៊ុនផលិតតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ