
មន្ត្រីក្រសួងឧស្សាហកម្មម្នាក់បានលើកឡើងកាលពីសប្តាហ៍មុនថា មកទល់ពេលនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី មិនបានពិភាក្សាជាមួយភ្នាក់ងារផ្សេងៗអំពីការបន្តពន្យារពេលការលើកលែងពន្ធលើការនាំចូលយានយន្តអគ្គិសនីទៀតនោះឡើយ ខណៈការលើកលែងពន្ធនេះទំនងជានឹងផុតកំណត់នៅចុងឆ្នាំនេះ។ ប៉ុន្តែមន្ត្រីរូបនេះមិនបានផ្ដល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការផ្អាកការលើកលែងពន្ធនេះនោះទេ។
ប្រសិនបើការលើកលែងពន្ធនេះត្រូវបានលុបចោលមែន គេរំពឹងថា វានឹងជួយដល់ក្រុមហ៊ុន ផលិតយានយន្តអគ្គិសនីរបស់ចិន BYD ក្នុងការបង្កើនការលក់នៅឥណ្ឌូនេស៊ី ប៉ុន្តែវាក៏នឹងប៉ះពាល់ដល់ផលិតកម្មនៅរោងចក្ររបស់ពួកគេនៅទីនោះផងដែរ។
គួរបញ្ជាក់ថា កន្លងមក ឥណ្ឌូនេស៊ី បានលើកលែងពន្ធលើការនាំចូលយានយន្តអគ្គិសនី និងពន្ធផ្សេងៗទៀត សំដៅជំរុញឱ្យមានការប្រើយានយន្តប្រភេទនេះឱ្យកាន់តែច្រើន ជាហេតុធ្វើឱ្យម៉ាកយីហោរថយន្តរបស់ចិន ទទួលបានអត្ថប្រយោជន៍ជាច្រើនពីវិធានការនេះ។
ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាននេះ មានសន្ទុះកើនឡើងខ្លាំង ដោយនៅ៧ខែ ឆ្នាំ២០២៥ មានរថយន្តប្រមាណ៤២,០០០គ្រឿងឆ្នាំ២០២៥ ត្រូវបានលក់ចេញមានការកើនឡើងប្រមាណ១៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD ស្ថិតក្នុងចំណោមអ្នកទទួលបានផលច្រើនជាងគេពីការលើកលែងពន្ធរបស់ឥណ្ឌូនេស៊ី ខណៈគ្រប់ម៉ូដែលរថយន្តរបស់ពួកគេ ដែលដាក់លក់នៅឥណ្ឌូនេស៊ី ត្រូវបាននាំចូលពីចិន។ ចំណែកក្រុមហ៊ុនផលិតរថយន្តជប៉ុន ដែលមានរោងចក្រនៅឥណ្ឌូនេស៊ី បានប្រឈមមុខនឹងបញ្ហាដោយសារមានការប្រកួតប្រជែងខាងតម្លៃនៅលើទីផ្សារ ខណៈតម្លៃរថយន្តចិន មានតម្លៃទាបជាងតម្លៃរបស់រថយន្តជប៉ុន៕
ដោយ៖ សុខ មង្គល