យានយន្តអគ្គិសនី

ឥណ្ឌូនេស៊ី កំពុងជំរុញឱ្យពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីសុទ្ធ ដើម្បីឈប់នាំចូលប្រេងឥន្ធនៈ


លោកប្រធានាធិបតី ប្រ៉ាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) កំពុងជំរុញផែនការឱ្យពលរដ្ឋខ្លួនងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ឬប្រើថាមពលព្រះអាទិត្យទាំងស្រុង ទាំងយានជំនិះផ្ទាល់ខ្លួន ការដឹកជញ្ជូនសាធារណៈ និងការធ្វើពាណិជ្ជកម្ម ដែលជាផ្នែកមួយ នៃផែនការទូលំទូលាយ ដើម្បីស្តារឧស្សាហកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកការនាំចូលប្រេងឥន្ធនៈ ដែលកំពុងហក់ឡើងថ្លៃខ្ពស់។
យានយន្តអគ្គិសនី
ដោយ

កាសែត The Nation បានរាយការណ៍ថា នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន និងអ្នកសេដ្ឋកិច្ច ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រ៉ាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) បានលើកឡើងពីផែនការឱ្យពលរដ្ឋងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ក្រោយតម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់​។ ការផ្លាស់ប្តូរនេះមិនមែនធ្វើឡើងចំពោះតែរថយន្តលក្ខណៈគ្រួសារ និងម៉ូតូប៉ុណ្ណោះទេ សូម្បីឡានក្រុង ឡានដឹកទំនិញ និងយានយន្តធុនធ្ងន់ដូចជាត្រាក់ទ័រជាដើម ក៏ត្រូវផ្លាស់ប្តូរផងដែរ។ មេដឹកនាំរូបនេះបានគូសបញ្ជាក់ថា គោលបំណងនៃការផ្លាស់ប្តូរនេះ គឺដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ ដែលកំពុងដាក់សម្ពាធលើសេដ្ឋកិច្ចឥណ្ឌូនេស៊ី ក្រោយវាហក់ឡើងថ្លៃខ្ពស់។

គួររំលឹកថា ឥណ្ឌូនេស៊ី បានក្លាយជាប្រទេសពឹងផ្អែកខ្លាំងលើនាំចូលប្រេងតាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ មកម៉្លេះ ដោយសារទិន្នផលប្រេងក្នុងស្រុកធ្លាក់ចុះ ខណៈតម្រូវការប្រើប្រាស់ហក់ឡើងខ្ពស់ ដែលធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ ងាយរងគ្រោះខ្លាំងនៅពេលតម្លៃប្រេងសកលមានការប្រែប្រួល។

ដើម្បីឈានទៅសម្រេចគោលដៅអគ្គិសនីភាវូបនីយកម្ម លោក ប្រាបូវ៉ូ បានកំណត់គោលដៅបង្កើនសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យឱ្យបានដល់១០០ជីហ្គាវ៉ាត់ក្នុងរយៈពេល២ឆ្នាំខាងមុខ ហើយ​លោក​ក៏មានផែនការបំប្លែងម៉ាស៊ីនម៉ូតូឱ្យទៅជាម៉ូតូអគ្គិសនីឱ្យបាន១២០លានគ្រឿងក្នុងរយៈពេលពី៣ទៅ៤ឆ្នាំខាងមុខផងដែរ។

ទោះជាយ៉ាងណា មហិច្ឆតានេះហាក់នៅឆ្ងាយពីការពិតនៅឡើយ បើធៀបនឹងទិន្នន័យជាក់ស្តែងរបស់ក្រសួងថាមពលឥណ្ឌូនេស៊ី។ គិតត្រឹមឆ្នាំ២០២៤ សមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យ ដែលបានដំឡើងរួចមានត្រឹមតែ៩១៦មេហ្គាវ៉ាត់តែប៉ុណ្ណោះ ហើយមានគម្រោងសាងសង់បន្ថែមត្រឹម៤៩៥មេហ្គាវ៉ាត់ ដែលនេះសបញ្ជាក់ឱ្យឃើញថា ឥណ្ឌូនេស៊ី ត្រូវការការវិនិយោគ និងកិច្ចខំប្រឹងប្រែងវិនិយោគដ៏ច្រើនបន្ថែមទៀត ដើម្បីសម្រេចឱ្យបានតាមគោលដៅ១០០ជីហ្គាវ៉ាត់នោះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


វៀតណាម ងាកទៅរកការនាំចូលប្រេងពីរុស្ស៊ី ដើម្បីសង្គ្រោះទីផ្សារប្រេងក្នុងស្រុកដែលកំពុងហក់ឡើងថ្លៃ

ស្របពេលពិភពលោកកំពុងញាំញីដោយវិបត្តិថាមពល បណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ