លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ប្រធានាធិបតីទី៨ របស់ឥណ្ឌូនេស៊ី ដែលទើបកាន់តំណែងបានប្រមាណ១ឆ្នាំ៤ខែ បានបង្ហាញនូវមហិច្ឆតានយោបាយការបរទេសយ៉ាងសកម្មបំផុត។ ក្រោមការដឹកនាំរបស់លោក ឥណ្ឌូនេស៊ី បានពង្រឹងសម្ពន្ធភាពយ៉ាងជិតស្និទ្ធជាមួយក្រុមប្រទេស BRICS ដូចជា ចិន ឥណ្ឌា និងប្រេស៊ីលជាដើម។ ទន្ទឹមនឹងនេះ លោក ក៏បានរក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយទីក្រុងមូស្គូ ទោះបីជារុស្ស៊ី កំពុងរងការរឹតត្បិតពីអន្តរជាតិ ដោយសារបញ្ហានៅអ៊ុយក្រែនក៏ដោយ។
ក្រៅពីប្រទេសសមាជិកប៊្រីក ឥណ្ឌូនេស៊ី ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសណាតូ និងសម្ពន្ធមិត្តរបស់ពួកគេដូចជា កូរ៉េខាងត្បូង និងអូស្ត្រាលី និងបានចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពដឹកនាំដោយសហរដ្ឋអាម៉េរិកផងដែរ។ សរុបមកក្នុងរយៈពេលដ៏ខ្លីលោក ប្រាបូវូ បានដើរតួជាអ្នកការទូតដ៏មមាញឹក ដោយបានធ្វើដំណើរទស្សនកិច្ចផ្លូវការសរុបប្រមាណ៤០លើកទៅកាន់ប្រទេសចំនួន២០។
ចំណុចដែលគួរឱ្យកត់សម្គាល់ លោក ប្រាបូវូ បានបង្ហាញឆន្ទៈក្នុងការបើកចំហលទ្ធភាពទទួលស្គាល់ប្រទេសអ៊ីស្រាអែល ប្រសិនបើវាជាផ្នែកមួយ នៃការជំរុញឱ្យមានសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា ដែលជាការផ្លាស់ប្តូរឥរិយាបថផ្នែកវោហាសាស្ត្រយ៉ាងសំខាន់ ដែលខុសប្លែកពីប្រពៃណីការទូតមុនៗរបស់មេដឹកនាំឥណ្ឌូនេស៊ី។
លោកសាស្រ្តាចារ្យ តឹកគូ រ៉េហ្សាយ៉ាហ្វ (Teuku Rezasyah) អ្នកជំនាញទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យនៅកោះជ្វាខាងលិច បាននិយាយថា លោក ប្រាបូវូ កំពុងដឹកនាំឥណ្ឌូនេស៊ី ឆ្ពោះទៅរកការក្លាយជាមហាអំណាចថ្នាក់កណ្តាលមួយនៅលើពិភពលោកដូចអូស្រ្តាលី ប្រេស៊ីល កាណាដា អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង និងតួកគីជាដើម៕
ដោយៈ សរ សុជាតិ