
កាលពីឆ្នាំ២០២៤ ប្រទេសនេះ មិនអាចផលិតស្បៀងចិញ្ចឹមពលរដ្ឋខ្លួនបានគ្រប់គ្រាន់តាមតម្រូវការនោះទេ ហើយបាននាំចូលច្រើនពីបណ្តាប្រទេសនៅអាស៊ាន ជាពិសេសថៃ និងវៀតណាម។ កត្តានេះបានធ្វើឱ្យមានការចោទជាសំណួរថា ប្រសិនបើឥណ្ឌូនេស៊ី អាចទ្រទ្រង់ស្បៀងក្នុងស្រុកបាន តើវាអាចធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់បណ្តាប្រទេសនៅអាស៊ាន ជាពិសេសថៃ និងវៀតណាមយ៉ាងណាដែរ?
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក អង់តារ៉ា ឥណ្ឌូណេស៊ីកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅសម្រេចបាននូវភាពគ្រប់គ្រាន់នៃស្បៀងអាហារ ដោយការពង្រឹងស្តុកអង្ករជាតិ រក្សាអតិផរណាទាបជាប្រវត្តិសាស្ត្រ និងការអនុវត្តគោលនយោបាយផលិតកម្មជាយុទ្ធសាស្រ្ត។
លោក អារីហ្វ ប្រាសេត្យូ អាឌី (Arief Prasetyo Adi) ប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូនេស៊ី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមួយនឹងកម្រិតអតិផរណាទាប និងទុនបម្រុងអង្ករមានស្ថិរភាព លោកមានសុទិដ្ឋិនិយមថា ប្រទេសឥណ្ឌូនេស៊ីនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ស្បៀងអាហារប្រចាំឆ្នាំដោយខ្លួនឯង។ លោកបានអះអាងថា អត្រាអតិផរណារបស់ឥណ្ឌូណេស៊ី មានក្នុងរង្វង់១,៥% ដែលជាកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ដែលបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពជោគជ័យក្នុងការរក្សាស្ថិរភាពតម្លៃម្ហូបអាហាររបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី។
ជាមួយគ្នានេះ លោក អាឌី បានអះអាងថា ដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីក្រសួងបច្ចេកទេស ឥណ្ឌូនេស៊ី ត្រូវបានគេព្យាករថា នឹងមានអតិរេកអង្កររហូតដល់ជាង១,៦លានតោនគិតត្រឹមខែឧសភា ឆ្នាំ២០២៥ នេះ។
កាលពីឆ្នាំ២០២៤ ដើម្បីបំពេញតម្រូវការស្បៀងប្រមាណ៣១លានតោន ឥណ្ឌូនេស៊ីបាននាំចូលអង្ករប្រមាណ៤លានតោនពីប្រទេសក្នុងតំបន់មួយចំនួនរួមមានថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា ផងដែរ។ តាមសិ្ថតិកាលពីឆ្នាំមុន ឥណ្ឌូនេស៊ីបាននាំចូលអង្ករពីថៃ ប្រមាណជាង១លានតោន ពីវៀតណាម ប្រមាណជាង១លានតោន និងពីមីយ៉ាន់ម៉ា ជាង៦៤ម៉ឺនតោន។ ដូច្នេះប្រសិនបឥណ្ឌូនេស៊ី ពិតជាអាចផ្គត់ផ្គង់អង្ករបានដោយខ្លួនឯងមែននោះ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់បណ្តាប្រទេសក្នុងតំបន់មួយចំនួន ជាពិសេសប្រទេសវៀតណាម និងថៃតែម្តង៕
ដោយៈ សរ សុជាតិ