
យោងតាមប្រភពច្បាស់ការ និងបទបង្ហាញរបស់ក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី បានឱ្យដឹងថា មូលនិធិវិនិយោគ Danantara នៃប្រទេសឥណ្ឌូណេស៊ី គ្រោងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាម៉េរិក KBR ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងចំនួន១៧ទីតាំងផ្សេងគ្នាក្នុងទំហំទឹកប្រាក់វិនិយោគរហូតដល់ទៅ៨ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងដ៏ធំនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសឥណ្ឌូនេស៊ី និងសហរដ្ឋអាម៉េរិក សម្រេចបានកាលពីសប្តាហ៍មុន ដែលក្នុងនោះ សហរដ្ឋអាម៉េរិក បានបញ្ចុះអត្រាពន្ធលើទំនិញឥណ្ឌូនេស៊ី ពី៣២% មកនៅត្រឹម១៩%។
រដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក អ៊ែរឡាងហ្គា ហាតាតូ (Airlangga Hartarto) ដែលបានដឹកនាំការចរចាជាមួយសហរដ្ឋអាម៉េរិកបានបង្ហាញផែនការសាងសង់រោងចក្រចម្រាញ់ប្រេងនេះនៅក្នុងកិច្ចប្រជុំឯកជនជាមួយបណ្ដាថ្នាក់ដឹកនាំធុរកិច្ចកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។
ទោះជាយ៉ាងណា មូលនិធិវិនិយោគរបស់ឥណ្ឌូនេស៊ី Danantara និងក្រុមហ៊ុនអាម៉េរិក KBR មិនបានឆ្លើយតបទៅនឹងសំណើសុំការបំភ្លឺជុំវិញបញ្ហានេះទេ។ ខណៈដែលផ្នែកខ្លះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើ ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកថាមពលជាដើម ត្រូវបានបង្ហាញជាសាធារណៈ កិច្ចព្រមព្រៀងសាងសង់រោងចក្រចម្រាញ់ប្រេងនេះមិនធ្លាប់ត្រូវបានរាយការណ៍ពីមុនមកទេ៕
ដោយ: តែម សុខុម