
ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានឯកភាពលើសំណើក្នុងការប្រែក្លាយកោះបាលីទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងតំបន់ ដោយយកគំរូតាមទីក្រុងហ្គូចារ៉ាត (Gujarat ) របស់ឥណ្ឌា និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឌូបៃ និងសិង្ហបុរី។ បើតាមការអះអាងរបស់មន្ត្រីម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណ ក្រោយគម្រោងនេះដំណើរការ ទីក្រុងនេះនឹងទទួលបាននូវការលើកលែងពន្ធ និងបទបញ្ញតិ្តផ្សេងៗ ដោយរួមទាំងលិខិតបទដ្ឋាននៃការិយាធិបតេយ្យដ៏ស្មុគស្មាញ ដែលបានកើតមាននៅក្នុងប្រទេសនេះអស់ជាច្រើនឆ្នាំកន្លងមកនេះ។
បច្ចុប្បន្នអ្នកជំនាញរបស់ឥណ្ឌូនេស៊ីកំពុងរៀបចំផែនការអនុវត្តក្របខណ្ឌច្បាប់ផ្សេងៗគ្នា ដោយក្រៅពីយកគំរូច្បាប់តាមឥណ្ឌា និងឌូបៃ ឥណ្ឌូនេស៊ីក៏កំពុងពិចារណាអនុវត្ត និងប្រើប្រាស់ប្រព័ន្ធច្បាប់តាមប្រទេសសិង្ហបុរីផងដែរ។ ក្រុមមន្ត្រីឥណ្ឌូនេស៊ីកំពុងធ្វើការលើសេចក្តីព្រាងសំណើសុំការយល់ព្រមពីសភា ហើយគេរំពឹងថា គម្រោងនេះអាចនឹងប្រកាសជាចំហរនៅចុងឆ្នាំនេះ។
ពាក់ព័ន្ធនឹងគម្រោងនេះលោក ជូឌី ម៉ាហាឌី (Jodi Mahardi) អ្នកនាំពាក្យក្រុមប្រឹក្សាសេដ្ឋកិច្ចឥណ្ឌូនេស៊ីបានអះអាងថា រដ្ឋាភិបាលចង់បង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុទំនើប និងមានតម្លាភាព ដែលគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ តែយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតពីគម្រោងនេះនោះទេ ដោយគ្រាន់តែបង្ហើបថា វាជាគម្រោង ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាគម្រោងមួយដែលភ្ជាប់ការវិនិយោគជាសាកលជាមួយនឹងឱកាសពិតប្រាកដក្នុងវិស័យសំខាន់ៗរបស់ឥណ្ឌូនេស៊ី។
ក្រៅពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីនជាដើម សុទ្ធសឹងតែកំពុងដាក់ផែនការប្រែក្លាយទីក្រុងមួយចំនួនរបស់ខ្លួនទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុស្រដៀងគ្នានេះ៕
ដោយៈ សរ សុជាតិ