ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី ជះលុយ៩ពាន់លានដុល្លារទិញយន្ដហោះចម្បាំង J-10C របស់ចិន ចំនួន៤២គ្រឿង


រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី១៥ ខែតុលា ថា ទីក្រុងហ្សាការតា បានចាយលុយដល់ទៅ៩ពាន់លានដុល្លារអាម៉េរិក បញ្ជាទិញយន្តហោះចម្បាំង J-10C របស់ចិន ចំនួន៤២គ្រឿង ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន។ នេះជាលើកដំបូងហើយ ដែលប្រទេសបងធំអាស៊ានមួយនេះទិញយន្តហោះចម្បាំងមិនមែនផលិតដោយលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
ឥណ្ឌូនេស៊ី
ដោយ

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក អេសចាហ្វ្រី អេសចាមសូឌីន (Sjafrie Sjamsoeddin) បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅរដ្ឋធានីហ្សាការតា ថា ឥណ្ឌូនេស៊ីនឹងទិញយន្តហោះចម្បាំងចំនួន៤២គ្រឿងពីប្រទេសចិន ក្នុងពេលឆាប់ៗនេះ។ រដ្ឋមន្ត្រីការពារជាតិ រូបនេះ បានបញ្ជាក់ថា យន្តហោះចម្បាំងទាំងនេះនឹងត្រូវបញ្ជូនមកកាន់ទីក្រុងហ្សាការតា ក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់នោះទេ។

ការទិញយន្តហោះចម្បាំងក្នុងតម្លៃសរុបដល់ទៅ៩ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រសួងហិរញ្ញវត្ថុរួចហើយ ហើយនេះជាផ្នែកមួយនៃផែនការរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន។ ការបញ្ជាទិញយន្តហោះចម្បាំងពីប្រទេសចិននេះ បានបង្ហាញពីការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់សព្វាវុធជាប្រចាំរបស់ឥណ្ឌូនេស៊ី នោះគឺសហរដ្ឋអាម៉េរិក រុស្ស៊ី និងអឺរ៉ុប។ ក្រុមអ្នកវិភាគបានលើកឡើងថា ការទិញយន្តហោះចម្បាំងចិននេះ អាចបង្កើនភាពតានតឹងក្នុងតំបន់ ជាពិសេសដោយសារឥទ្ធិពលរបស់មហាយក្សចិន នៅសមុទ្រចិន ខាងត្បូង

ទោះជាយ៉ាងណា ឥណ្ឌូនេស៊ី ក៏បានបញ្ជាទិញយន្តហោះចម្បាំង Rafale របស់បារាំងចំនួន៤២ គ្រឿង យន្តហោះចម្បាំង KAAN របស់តួកគី ចំនួន៤៨គ្រឿង និងនាវាមុជទឹករបស់បារាំង មួយចំនួនផងដែរ ដែលនេះឆ្លុះបញ្ចាំងពីការដំឡើងសាច់ដុំយោធាកាន់តែខ្លាំងរបស់ឥណ្ឌូនេស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការបិទដំណើរការរដ្ឋាភិបាល ធ្វើឱ្យអាម៉េរិកខាតបង់រហូតដល់១៥ពាន់លានដុល្លារក្នុង១ថ្ងៃ

ផលប៉ះពាល់នៃការបិទដំណើរការស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដោយសារគ្មានកិច្ចព្រមព្រៀងលើកញ្ចប់ថវិកាជាតិរវាងគណបក្សសាធារណរដ្ឋ និង…

សម្តេចធិបតី ជំរុញឱ្យអាស៊ានផ្តោតលើការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការគំរាមកំហែងកាន់តែខ្លាំងឡើងពីការប្រែប្រួលអាកាសធាតុ បានជំរុញឱ្យគ្រោះមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ