
ប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន និងជាប្រទេសមានតម្រូវការនាំចូលស្បៀងអាហារ ជាពិសេសអង្ករដ៏ធំមួយនៅក្នុងតំបន់ មានអតិរេកអង្ករគួរឱ្យភ្ញាក់ផ្អើលនៅឆ្នាំនេះ ដែលតម្រូវឱ្យប្រទេសនេះផ្អាកការនាំចូលអង្ករពីប្រទេសផ្សេងៗរួមទាំងកម្ពុជា ផងដែរ។ កត្តានេះធ្វើឱ្យមានការចុះផ្សាយថា ការផ្អាកការនាំចូលអង្កររបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាននេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់ប្រទេសមួយចំនួនដូចជាថៃ វៀតណាម និងកម្ពុជា ជាដើម។
ពាក់ព័ន្ធបញ្ហានេះ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការបង្កើតបាននូវអតិរេកអង្កររបស់ប្រទេសឥណ្ឌូនេស៊ី នៅឆ្នាំនេះ មិនបានប៉ះពាល់ដល់ការនាំចេញអង្កររបស់កម្ពុជា ធ្ងន់ធ្ងរនោះទេ បើទោះបីកម្ពុជា ធ្លាប់នាំចេញអង្ករទៅកាន់ប្រទេសនេះ ក្នុងបរិមាណជាង៣ម៉ឺន៥ពាន់តោន កាលពីឆ្នាំ២០២៤ ក៏ដោយ។ តែយ៉ាងណាអ្នកជំនាញរូបនេះ អះអាងថា បញ្ហានេះ ចង់ ឬមិនចង់ វាអាចប៉ះពាល់ដល់ប្រទេសដែលធ្លាប់ផ្គត់ផ្គង់អង្ករច្រើនចូលទៅក្នុងប្រទេសនេះ ដូចជាថៃ និងវៀតណាម ជាដើម។ បើតាមការអះអាងរបស់លោក លន់ យ៉េង ការនាំចេញអង្កររបស់កម្ពុជា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះ នៅតែរក្សាបានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ពោលគឺមានការកើនឡើងប្រមាណជាង១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយភាគច្រើននាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងចិន។
សូមជម្រាបថា កម្ពុជា រកចំណូលបានជាង៩០០លានដុល្លារពីការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល៤ខែឆ្នាំនេះ ក្នុងនោះកម្ពុជា នាំចេញអង្ករសម្រេចបានជាង ២៨ម៉ឺនតោន ជាមួយចំណូលជាង២០៩លានដុល្លារ និងនាំចេញស្រូវសម្រេចបានជាង ៣លានតោន ជាមួយចំណូលជាង៧២៣លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕