
ទោះជាយ៉ាងណា ពេលនេះរបាយការណ៍ស៊ើបការណ៍សម្ងាត់បានទម្លាយឱ្យដឹងផ្ទុយពីនេះគួរឱ្យភ្ញាក់ផ្អើលថា ការវាយប្រហាររបស់អាម៉េរិកបានបរាជ័យដោយមិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់នោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាម៉េរិកដោយយន្តហោះបំបាំងកាយ B-2 Spirit ទៅលើប្រទេសអ៊ីរ៉ង់ មិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ នោះទេ ពោលគឺអាចពន្យារពេលកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានត្រឹមតែ១ខែទៅ២ខែប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់បឋមរបស់សហរដ្ឋអាម៉េរិក។
ទោះបីជាលោក ដូណាល់ ត្រាំ បានប្រកាសអះអាងក្ដែងៗថា ការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះបំបាំងកាយ B-2 Spirit បានបំផ្លាញសមត្ថភាពផលិតសព្វាវុធនុយក្លេអ៊ែរបស់អ៊ីរ៉ង់ យ៉ាងណាក្ដី ក៏ការស៊ើបការណ៍ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអាម៉េរិក បានទម្លាយឱ្យដឹងថា រោងចក្រថាមពលនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ដែលសហរដ្ឋអាម៉េរិក ទម្លាក់គ្រាប់បែកលើនោះបានរងការខូចខាតតែផ្នែកខ្លះប៉ុណ្ណោះ។
ការស៊ើបការណ៍សម្ងាត់បឋមនោះបានទម្លាយឱ្យដឹងថា ច្រកចូលទៅកាន់ទីតាំងរោងចក្រនុយក្លេអ៊ែដែលរងការវាយប្រហារពីសហរដ្ឋអាម៉េរិកទាំងនោះ ត្រូវបានបិទជិត ប៉ុន្តែទីតាំងក្រោមដីភាគច្រើននៅដដែលដោយគ្មានការខូចខាត។
ជាការឆ្លើយតប សេតវិមាន បានច្រានចោលការវាយតម្លៃនេះថាមិនត្រឹមត្រូវ ខណៈដែល
អ៊ីរ៉ង់បានអះអាងថា កម្មវិធីនុយក្លេអ៊ែរបស់ខ្លួន គឺសម្រាប់តែផលិតថាមពលអគ្គិសនីប៉ុណ្ណោះ គឺមិនមែនសម្រាប់ផលិតសព្វាវុធនោះទេ។
ទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្ធូរបន្ថយការរឹតបន្តឹងដូចជាការលុបចោលជើងហោះហើរ ឬការបិទដែនអាកាស បម្រាមគោលចរណ៍ ឬការបិទខ្ទប់ ការជម្លៀសប្រជាជន ការប្រុងជើងការយោធា និងការរឹតបន្តឹងការប្រមូលផ្ដុំគ្នាជាដើម ក្រោយការវាយប្រហារដែលបានបន្តអស់រយៈពេល១២ថ្ងៃដោយសារមានបទឈប់បាញ់ដែលសម្របសម្រួលដោយលោក ដូណាល់ ត្រាំ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានអះអាងថា អ៊ីស្រាអែល ជាអ្នកឈ្នះនៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយនិយាយថា ការវាយប្រហារនេះបានកម្ទេចចោលការគំរាមកំហែងនុយក្លេអ៊ែ ខណៈអ៊ីរ៉ង់មិនទាន់បញ្ជាក់ពីទំហំនៃការខូចខាតទាំងស្រុងរបស់ខ្លួននៅឡើយ៕
ដោយ: តែម សុខុម