
សារព័ត៌មាន ឌឹណេសិន បានរាយការណ៍ថា ការប្រកួតប្រជែងក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងរដូវខ្សត់ភ្ញៀវទេសចរ ឬរដូវកាលបៃតងនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងកំពុងឡើងកម្តៅ ស្របពេលម៉ាឡេស៊ី និងវៀតណាម បានវ៉ាដាច់ថៃ ក្នុងការទាក់ទាញភ្ញៀវទេសចរពីចិន។ នៅត្រីមាសទី១ ឆ្នាំ២០២៥ ម៉ាឡេស៊ី ដែលកំពុងកាន់តួនាទីជាប្រធានអាស៊ានប្តូរវេនបានវ៉ាដាច់ប្រទេសថៃ ដោយទាក់ទាញភ្ញៀវទេសចរបរទេសបានរហូតដល់ជាង១០លាននាក់ ខណៈថៃ ដែលធ្លាប់នាំមុខគេ ទាក់ទាញភ្ញៀវទេសចរបរទេសបានចំនួន៩,៥លាននាក់ ចំណែកវៀតណាម ទទួលបានភ្ញៀវទេសចរបរទេស៦លាននាក់ រីងសិង្ហបុរី ទាក់ទាញបាន៤លាននាក់។
នេះជាស្ថានភាពរួមនៃទីផ្សារទេសចរណ៍នៅអាស៊ាន នៅដើមឆ្នាំ២០២៥ ខណៈសមរភូមិដ៏ក្តៅគគុកបំផុតនោះ គឺការដណ្តើមទីផ្សារទេសចរទំហំ១,៤ពាន់លាននាក់របស់ចិន។ នៅដើមឆ្នាំ២០២៥ វៀតណាម បានធ្វើឲ្យប្រទេសថៃ មានការភ្ញាក់ផ្អើល ដោយអាចដណ្តើមភ្ញៀវទេសចរចិនពីថៃ ដោយជោគជ័យ។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ភ្ញៀវទេសចរចិន ចំនួន១,៦លាននាក់បានមកលេងកម្សាន្តនៅប្រទេសវៀតណាម ខណៈថៃ អាចទាក់ទាញភ្ញៀវទេសចរចិន ត្រឹមតែ១,៣លាននាក់ប៉ុណ្ណោះ។
អ្នកវិភាគបានលើកឡើងថា នេះជាការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារទេសចរណ៍ ដោយនៅឆ្នាំ២០២៤ វៀតណាម ទាក់ទាញភ្ញៀវទេសចរចិន បានត្រឹមតែពាក់កណ្តាល នៃអ្នកភ្ញៀវទេសចរចិន ទៅលេងកម្សាន្តនៅក្នុងប្រទេសថៃ តែប៉ុណ្ណោះ។ គេកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរចិន ទៅកម្សាន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះក្រោយកើតមានករណីចាប់ជំរិតតារាសម្តែងចិន Xing Xing កាលពីខែមករា ឆ្នាំនេះ៕
ដោយៈ សរ សុជាតិ