មូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមានពីហានិភ័យរូបិយប័ណ្ណ ក្រោយប្រទេសនានាប្ដូរកម្ចីឥណទានចិនពីប្រាក់ដុល្លារទៅប្រាក់យន់ ព្រោះការប្តូរនេះបើទោះបីបណ្តាប្រទេសជាកូនបំណុលទទួលបានការបញ្ចុះអត្រាការប្រាក់ក៏ដោយ ប៉ុន្តែសម្រាប់រយៈពេលវែងប្រាក់ដើម ដែលប្រទេសទាំងនោះត្រូវសងត្រលប់នឹងកើនឡើង ប្រសិនបើលុយយន់របស់ចិនឡើងថ្លៃ ហើយប្រទេសនានាគួរតែមានផែនការបម្រុង។
ជាទូទៅមូលបត្របំណុលជាប្រាក់យន់ ដែលមានអត្រាការប្រាក់ប្រមាណ២,៤% គឺទាបជាងពាក់កណ្ដាលបើធៀបនឹងអត្រាការប្រាក់នៃមូលបត្របំណុលជាដុល្លារ គឺបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកខ្ចី។ ជាក់ស្តែងប្រទេសកេនយ៉ាទទួលបានការបញ្ចុះអត្រាការប្រាក់តាមរយៈការប្ដូរកម្ចីឥណទានចិនជាប្រាក់ដុល្លារ សម្រាប់គម្រោងសាងសង់ផ្លូវដែកទៅជាប្រាក់យន់ចិន ខណៈដែលប្រទេសអេត្យូពី មានគម្រោងប្តូរប្រាក់មួយចំណែកនៃបំណុលចិនជាប្រាក់ដុល្លារចំនួនជាង ៥ពាន់លានដុល្លាររបស់ខ្លួនទៅជាប្រាក់យន់ចិន។
ប្រទេសផ្សេងៗទៀតដូចជា ស្រីលង្កា និងហុងគ្រីជាដើម ក៏កំពុងស្វះស្វែងរកការផ្ដល់ហិរញ្ញប្បទានជាប្រាក់យន់ចិន ផងដែរ។ ក្រុមអ្នកវិភាគបានពន្យល់ថា បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចតូចៗអាចនឹងពិបាកក្នុងការរក្សាទុនបម្រុងជាប្រាក់យន់ចិន ឱ្យបានគ្រប់គ្រាន់ណាស់ ដោយសារតែពាណិជ្ជកម្មពិភពលោកភាគច្រើននៅតែប្រើប្រាស់ប្រាក់ដុល្លារ។
មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថា ប្រសិនបើគ្មានការរៀបចំផែនការដោយប្រុងប្រយ័ត្នទេ ការផ្លាស់ប្តូរកម្ចីឥណទានចិន ពីប្រាក់ដុល្លារ ទៅប្រាក់យន់ចិន អាចនឹងបង្កើតហានិភ័យហិរញ្ញវត្ថុថ្មីៗ ទោះបីជាទទួលបានការបញ្ចុះអត្រាការប្រាក់យ៉ាងណាក្ដី៕
ដោយ: តែម សុខុម