បុណ្យចូលឆ្នាំចិន

ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការអន្តរាគមន៍ភ្លាមៗបើមានការដំឡើងថ្លៃទំនិញហួសហេតុក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន


ជារៀងរាល់ឆ្នាំឱ្យតែរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខិតជិតចូលមកដល់គេសង្កេតឃើញថា តម្លៃទំនិញចាំបាច់មួយចំនួននៅលើទីផ្សារតែងតែមានការឡើងថ្លៃ។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់ថា តម្លៃទំនិញមួយចំនួននៅលើទីផ្សារនាពេលនេះ ពិតជាមានការកើនឡើងជាងថ្ងៃធម្មតាបន្តិចមែន។ តែយ៉ាងណាក្រសួងបានព្រមានទុកជាមុនថា ក្រសួងនឹងចាត់វិធានការអន្តរាគមន៍ភ្លាមៗក្នុងករណីមានអាជីវករដំឡើងថ្លៃទំនិញខ្ពស់ហួសហេតុ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងរក្សាស្ថិរភាពទីផ្សារ។
បុណ្យចូលឆ្នាំចិន
ដោយ

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ទទួលស្គាល់ថា តម្លៃទំនិញចាំបាច់មួយចំនួននៅលើទីផ្សារពិតជាមានការឡើងថ្លៃបន្តិចមែននៅមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន ​ខិតជិតចូលមកដល់នេះ។ មន្ត្រីជាន់ខ្ពស់រូបនេះបានចាត់ទុកការកើនឡើងតម្លៃទំនិញនាពេលនេះ គឺជាការប្រែប្រួលតម្លៃជាទូទៅនៅពេលដែលមានតម្រូវការទីផ្សារខ្ពស់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺមិនមែនជាការឡើងថ្លៃទំនិញលើសពីអត្រាកំណើនអតិផរណានោះទេ។ តែយ៉ាងណា ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រសួងពាណិជ្ជកម្ម បានតាមដានជាប់ជាប្រចាំចំពោះបញ្ហាតម្លៃទំនិញនៅលើទីផ្សារ និងបានអំពាវនាវដល់សមាគមអ្នកចិញ្ចឹមសត្វ និងអាជីវករនានាកុំឱ្យមានការដំឡើងថ្លៃទំនិញខ្ពស់ខ្លាំងពេកនាឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ ហើយក្នុងករណីមានការដំឡើងថ្លៃទំនិញខ្ពស់ហួសប្រមាណនោះ អាជ្ញារនឹងទៅអន្តរាគមន៍ភ្លាមៗតែម្តង។

​ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការកើនឡើងតម្លៃទំនិញនៅក្នុងអំឡុងពេលមានពិធីបុណ្យទាននានា ជាពិសេសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​នេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប។ សម្រាប់អ្នកជំនាញរូបនេះ អាជ្ញាធរ​ពាក់ព័ន្ធគួរយកចិត្តទុកដាក់បន្ថែមលើបញ្ហាឡើងថ្លៃទំនិញនាពិធីបុណ្យទានម្តងៗនេះ ហើយលោកបានចោទជាចម្ងល់ថា ហេតុអ្វីតម្លៃទំនិញតែងតែឡើងថ្លៃស្របពេលដែលការផ្គត់ផ្គង់ទំនិញនៅលើទីផ្សារហាក់ពុំមានការខ្វះខាត បើធៀបនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង។

​យ៉ាងណាមិញ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា តម្លៃជ្រូករស់ដែលបានហក់ឡើងថ្លៃឈានដល់ជិត១ម៉ឺន២ពាន់រៀលក្នុង១គីឡូក្រាមនៅមួយរយៈចុងក្រោយនេះ មិនមែនរុញច្រានដោយសារការកើនឡើងតម្រូវការជ្រូករស់ក្នុងពីធីបុណ្យចូលឆ្នាំចិន នោះទេ តែដោយសារជ្រូកជួបវិបត្តិជំងឺ ដែលធ្វើឱ្យការផ្គត់ផ្គង់មានការធ្លាក់ចុះ។ យ៉ាងណាក៏ដោយប្រធានសមាគមរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីតម្លៃជ្រូករស់មានការកើនឡើងបន្តិចក៏ពិតមែន ប៉ុន្តែកសិករនៅពុំទាន់អាចទទួលបានប្រាក់ចំណេញនៅឡើយទេ ដ្បិតពួកគេបានរងការខាតបង់យ៉ាងធ្ងន់ធ្ងររួចទៅហើយកាលពីតម្លៃធ្លាក់ចុះកាលពីពេលកន្លងមក។

​គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ រៀងរាល់ពិធីបុណ្យនេះម្តងៗ ពលរដ្ឋដែលជាអ្នកជាប់សែស្រឡាយចិន នៅកម្ពុជា តែងតែចំណាយលើការទិញទំនិញជាច្រើន ដើម្បីរៀបចំពិធីសែន ឬជួបជុំសាច់ញាតិរបស់ខ្លួន៕




អត្ថបទបន្ទាប់


កម្ពុជា កើបចំណូលបានជាង២៩លានដុល្លារពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន

កម្ពុជា រកចំណូលបានជាង២៩លានដុល្លារពីលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនដល់យានយន្តជាង៥ម៉ឺន៦ពាន់គ្រឿងនៅពេញមួយឆ្នាំ២០២៥ មានកើនឡើងគួរឱ្យក…

របបយោធាមីយ៉ាន់ម៉ា បង្កើតស្ថាប័នដ៏មានឥទ្ធិពលមួយ ដើម្បីគ្រប់គ្រងអំណាចឲ្យកាន់តែណែនក្នុងដៃ

ដើម្បីពង្រឹងការគ្រប់គ្រងអំណាចឲ្យកាន់តែណែននៅក្នុងដៃ របបសឹកមីយ៉ាន់ម៉ា ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ មីន អ៊ុងលាំង បានបង្កើតស្ថាប័នថ្មីមួយ ដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ