លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនរុស្ស៊ី Siberian Cedar Eco-Factory ដែលមានការិយាល័យ និងរោងចក្រនៅទូទាំងតំបន់អាស៊ីកណ្តាល និងម៉ុងហ្គោលី បានបង្ហាញបំណងចង់បញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ប្រភេទ W180 ឬ M២៣ ដើម្បីនាំចេញទៅកាន់ទីផ្សារុស្ស៊ី។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏មានបំណងចង់វិនិយោគរួមគ្នាជាមួយរោងចក្រក្នុងស្រុក ជាពិសេសនៅក្នុងគម្រោងសួនកសិ-ឧស្សាហកម្មស្វាយចន្ទីក្នុងខេត្តកំពង់ធំ។ បើតាមលោក អួន ស៊ីឡុត ក្រៅពីគ្រាប់ស្វាយចន្ទី ក្រុមហ៊ុនរបស់រុស្ស៊ីមួយនេះ ក៏ចាប់អារម្មណ៍ក្នុងការកែច្នៃគ្រាប់កាកាវ និងផ្លែស្វាយផងដែរ។
បើតាមការអះអាងរបស់ក្រុមហ៊ុនខាងលើ ប្រសិនបើដំណាក់កាលដំបូងទទួលបានជោគជ័យ ក្រុមហ៊ុននឹងបង្កើតរោងចក្រកែច្នៃដ៏ទំនើបមួយនៅក្នុងសួនឧស្សាហកម្មស្វាយចន្ទីក្នុងខេត្តកំពង់ធំ។ ទីតាំងយុទ្ធសាស្ត្រនេះត្រូវបានរំពឹងថា នឹងផ្តល់លទ្ធភាពទទួលបានធនធានសំខាន់ៗ ហើយវាស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការអនុវត្តប្រកបដោយចីរភាព និងការអភិវឌ្ឍសហគមន៍។
ដោយឡែក ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជា មានរោងចក្រ សហគ្រាស និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន៥២ ដែលមានសមត្ថភាពកែច្នៃបានជាង២ម៉ឺន១ពាន់តោនក្នុង១ឆ្នាំ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ គ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃប្រមាណ៩៥% ត្រូវបាននាំចេញទៅប្រទេសវៀតណាម ឥណ្ឌា និងចិន ខណៈគ្រាប់កែច្នៃរួចត្រូវបាននាំចេញទៅទីផ្សារជប៉ុន រុស្ស៊ី និងប្រទេសបារាំងជាដើម។ ឯកឧត្តមបានគូសបញ្ជាក់ថា មកទល់ពេលនេះមានវិនិយោគិនបរទេសជាច្រើនចាប់ផ្ដើមបង្ហាញបំណងចង់វិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី ក្រោយពួកគេទទួលស្គាល់ពីគុណភាពគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កន្លងទៅ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង១,២ លានតោន និងបាននាំចេញទៅទីផ្សារអន្តរជាតិ សម្រេចបានទំហំប្រមាណ១,៥០០លានដុល្លារកើនឡើង២៧% បើធៀបនឹងឆ្នាំ២០២៤។ បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីសរុបជាង ៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
អត្ថបទ៖ បូ ដូឡា