លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ យល់ឃើញថា ក្នុងកាលៈទេសៈដែលវិស័យអចលនទ្រព្យមិនទាន់មានសញ្ញាងើបឡើងវិញ វិនិយោគិនដែលមានដើមទុនគួរងាកមកវិនិយោគលើខ្សែច្រវាក់ផលិតកម្មកសិកម្ម ឬឧស្សាហកម្ម និងការកែច្នៃ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យងាកមកបោះទុនវិនិយោគក្នុងវិស័យទាំងនេះ ទាមទារឱ្យរដ្ឋាភិបាលអនុវត្តគោលនយោបាយលើកទឹកចិត្តបន្ថែមដូចជាបញ្ចុះតម្លៃថាមពល ជាពិសេសថាមពលពន្លឺព្រះអាទិត្យ និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពបន្ថែមទៀត។
ស្រដៀងគ្នានេះដែរ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាយល់ឃើញថា ការបង្វែរទុនវិនិយោគពីវិស័យអចលនទ្រព្យ ដែលកំពុងស្ថិតក្នុងសភាពទ្រឹង មកវិនិយោគលើវិស័យបច្ចេកវិទ្យា និងឧស្សាហកម្ម គឺជារឿងចាំបាញ់ ដើម្បីបំពេញតម្រូវប្រើប្រាស់ក្នុងស្រុក និងបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ តែយ៉ាងណាអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីឱ្យអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យងាកមកវិនិយោគក្នុងវិស័យទាំងនេះ ទាមទារឱ្យរដ្ឋាភិបាលកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីច្បាប់អាជីវកម្ម លុបបំបាត់អំពើពុករលួយ និងត្រូវធានាឱ្យមានតម្លាភាពចំពោះមុខច្បាប់សម្រាប់អ្នកវិនិយោគគ្រប់រូប។
ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានមើលឃើញពីឱកាសវិនិយោគក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងរងការរំលោភបំពានពីយោធាថៃ ដែលជំរុញឱ្យពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃនេះ។ សម្រាប់អ្នកជំនាញរូបនេះ ការពង្រឹងផលិតកម្មក្នុងស្រុកមិនត្រឹមតែជួយផ្តល់ការងារដល់ពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ តែវាក៏ជាយុទ្ធសាស្ត្រមួយក្នុងការឆ្លើយតបនឹងការឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា និងការពារសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្លាប់បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសនាពេលថ្មីៗនេះថា ទោះបីជាវិស័យអចលនទ្រព្យជារួមនៅតែបន្តរងសម្ពាធពីកត្តាខាងក្រៅ ដូចជាបញ្ហាពន្ធគយ និងភាពមិនច្បាស់លាស់តាមព្រំដែន ប៉ុន្តែផ្នែកខ្លះនៃវិស័យនេះនៅតែមានសក្តានុពល។ ក្នុងនោះ អចលនទ្រព្យដែលបម្រើឱ្យការប្រើប្រាស់ជាក់ស្តែងនៅតែមានចរន្តល្អ ជាពិសេសប្រភេទដីធ្លី ឬផ្ទះតូចៗនៅជុំវិញព្រលានយន្តហោះអន្តរជាតិ តេជោ និងអចលនទ្រព្យតាមបណ្តោយផ្លូវធំៗ ដែលស័ក្តិសមសម្រាប់បើកអាជីវកម្ម និងវិនិយោគក្នុងតំបន់សក្តានុពលតាមបណ្តាខេត្តនានាជាដើម៕
អត្ថបទ៖ ជា ម៉ារ៉ា