អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាសង្រ្គាមដែលបានផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ានាពេលនេះ ប្រាកដណាស់វាបានជះផលប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចរបស់ពិភពលោក រួមទាំងកម្ពុជា ផងដែរ ជាពិសេសការដោះដូរពាណិជ្ជកម្មជាមួយតំបន់នោះ។ តែយ៉ាងណា នៅក្នុងបញ្ហាប្រឈមនេះ អ្នកជំនាញរូបនេះ ក៏បានមើលឃើញពីឱកាសសម្រាប់កម្ពុជា ក្នុងការស្រូបទាញការវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា ដើម្បីផលិត និងកែច្នៃកសិផលសម្រាប់នាំចេញផងដែរ។ ការវាយតម្លៃបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះជឿជាក់ថា នៅពេលមានសង្រ្គាមកើតឡើង ប្រាកដណាស់តម្រូវការស្បៀងអាហារ គឺជារឿងចាំបាច់ ដូច្នេះកម្ពុជា ដែលជាប្រទេសផលិតស្បៀងច្រើនអាចមានសក្តានុពលខ្ពស់ក្នុងការចាប់យកឱកាសវិនិយោគថ្មីៗក្នុងវិស័យនេះ។
ដោយឡែក លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា បញ្ហាសង្រ្គាមដ៏តានតឹងនៅតំបន់មជ្ឈិមបូព៌ា ទោះនៅឆ្ងាយពីកម្ពុជា ក៏ពិតមែន ប៉ុន្តែវាក៏ជះផលប៉ះពាល់មួយចំនួនដល់ការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា ផងដែរ តែមានកម្រិតតិចតួចប៉ុណ្ណោះ បើធៀបនឹងផលប៉ះពាល់ នៃសង្រ្គាមរវាងកម្ពុជា និងថៃ។ ផលប៉ះពាល់ក៏ដោយសារ បញ្ហាសង្រ្គាមរវាងកម្ពុជា និងថៃ នៅមិនទាន់ដោះស្រាយបញ្ចប់បាន ហើយបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានាពេលនេះ បានធ្វើឱ្យអ្នកវិនិយោគកំពុងមានការព្រួយបារម្ភខ្ពស់ចំពោះការប្រែប្រួលនៃសណ្ឋាប់ធ្នាប់ពិភពលោក ដែលកំពុងមានទំនោរឈានទៅរកការផ្ទុះសង្រ្គាមលោកលើកទី៣ ដូច្នេះមុននឹងសម្រេចចិត្តក្នុងការវិនិយោគនៅតំបន់ណាមួយពួកគេមានភាពប្រុងប្រយ័ត្នខ្ពស់ជាងមុន។
សូមជម្រាបថា កម្ពុជា ស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសបានប្រមាណ៥ពាន់២រយលានដុល្លារនៅក្នុងឆ្នាំ២០២៥ កន្លងទៅ កើនឡើងជាង១៨% បើធៀបនឹងឆ្នាំ២០២៤។ យ៉ាងណាមិញនៅ១ខែដំបូងដើមឆ្នាំ២០២៦ កម្ពុជា ស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសបានជាង៥៥០លានដុល្លារបានរួមចំណែកប្រមាណជាង៧៣% នៃទុនវិនិយោគសរុប៕