ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ឥទ្ធិពលពីខាងក្រៅ ជាពិសេសសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យការជួញដូរភាគហ៊ុននៅកម្ពុជា បង្ហាញពីទំនោរធ្លាក់ចុះនៅមួយរយៈពេលចុងក្រោយនេះ។ ស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យអ្នកវិនិយោគគួរវិនិយោគបែបសន្សំក្នុងរយៈពេលវែង ដើម្បីបង្កើតប្រភពចំណូលអកម្មក្នុងថ្ងៃអនាគត ជាជាងការជួញដូរក្នុងរយៈពេលខ្លី ដែលប្រឈមនឹងហានិភ័យខ្ពស់។ តែទោះជាយ៉ាងណាក៏ដោយមេផ្សារហ៊ុនរូបនេះរំពឹងថា ការបើកគណនីជួញដូរភាគហ៊ុននៅកម្ពុជានឹងកើនដល់១០ម៉ឺននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៦ ខណៈបច្ចុប្បន្នប្រមាណ៧ម៉ឺនគណនី។
ដោយឡែកបើក្រឡេកទៅមើលភាពរឹងមាំនៃក្រុមហ៊ុនចុះបញ្ជីវិញ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានលើកឡើងអំពីទំនួលខុសត្រូវខ្ពស់របស់កំពង់ផែចំពោះភាគហ៊ុនិក។ ឯកឧត្តម បានបញ្ជាក់ថា ភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់កំពង់ផែ គឺផ្អែកលើសសរស្តម្ភសំខាន់ៗមួយចំនួនរួមមានការសម្បូរបែប នៃប្រភពចំណូល ការគ្រប់គ្រងមូលធនប្រកបដោយវិន័យ និងតម្លាភាព។ បច្ចុប្បន្ន កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងអភិវឌ្ឍខ្លួនឱ្យក្លាយជាកំពង់ផែ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់ ខណៈសកម្មភាពចេញ-ចូល នៃទូកុងតឺន័រមានភាពមមាញឹកលើសពីការរំពឹងទុក ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់អ្នកកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនរដ្ឋមួយនេះ។
បច្ចប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន២៦ ក្រុមហ៊ុន ក្នុងនោះ១២ក្រុមហ៊ុន បានចុះបញ្ជីបោះផ្សាយភាគហ៊ុន និង១៤ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយបណ្ណបំណុល។ ឯកឧត្តមជឿជាក់ថា នៅក្នុងឆ្នាំ២០២៦ នឹងមានក្រុមហ៊ុនមកចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលកាន់តែច្រើនបន្ថែមទៀត ដែលនឹងជួយបង្កើនជម្រើសកាន់តែសម្បូរបែបសម្រាប់វិនិយោគិន៕
អត្ថបទ៖ បូ ដូឡា