អង្គការសុខភាពពិភពលោក បានចេញសេចក្តីថ្លែងការណ៍អាសន្នមួយស្តីពីវត្តមានសារធាតុពុលក្នុងបរិយាកាស ក្រោយប្រតិបត្តិការវាយប្រហារលើឃ្លាំងស្តុកប្រេងយុទ្ធសាស្ត្រចំនួន ៤កន្លែងរបស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន។ អណ្តាតភ្លើងដ៏សន្ធោសន្ធៅបានបង្កើតជាផ្ទាំងពពកខ្មៅងងឹតសូន្យសុងគ្របដណ្តប់លើផ្ទៃមេឃ ហើយក្រោយមកបានក្លាយជាទឹកភ្លៀងប្រេងពណ៌ខ្មៅបង្អុរចុះមកដី។ ប្រជាជននៅក្នុងទីក្រុងតេអេរ៉ង់ ជាង១០លាននាក់កំពុងរងគ្រោះដោយមានអការៈពិបាកដកដង្ហើម វិលមុខ និងរលាកស្បែកយ៉ាងខ្លាំង នៅពេលប៉ះពាល់ជាមួយទឹកភ្លៀង ដែលលាយឡំដោយសារធាតុគីមីទាំងនោះ។
លោក គ្រីស្ទាន លីនម៉ៃអឺ (Christian Lindmeier) អ្នកនាំពាក្យអង្គការសុខភាពពិភពលោកបានថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ ថា ភ្លៀងពណ៌ខ្មៅ និងភ្លៀងអាស៊ីតទាំងនេះអាចបង្កគ្រោះថ្នាក់កម្រិតខ្ពស់ដល់មនុស្ស ជាពិសេសគឺបំផ្លាញប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្សតែម្តង។
ជាមួយគ្នានេះលោក ភីធើរ រ៉ូស (Peter Ross) អ្នកឯកទេសខាងគីមីពុល នៃមូលនិធិអភិរក្ស Raincoast បានប្រាប់សារព័ត៌មាន CBC News ថា ល្បាយប្រេងដែលភាយទៅលើអាកាសមានផ្ទុកនូវសមាសធាតុអ៊ីដ្រូកាបូនរាប់ពាន់ប្រភេទ។ លោកបានសង្កត់ធ្ងន់ថា នៅពេលមនុស្សស្រូបចូលសារធាតុទាំងនោះ វានឹងធ្វើឱ្យវិលមុខភ្លាមៗ អាចបណ្តាលឱ្យសន្លប់ ឬឈានដល់បាត់បង់ជីវិត ក៏ដូចជាអាចបង្កផលប៉ះពាល់រយៈពេលវែងចំពោះសុខភាព ដោយមិនអាចជៀសផុតឡើយ។
ត្រឹមមួយសប្តាហ៍បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ អង្គការសហប្រជាជាតិ បានទទួលរបាយការណ៍ជាបន្តបន្ទាប់អំពីគ្រោះមហន្តរាយភ្លៀងខ្មៅនេះ។ បច្ចុប្បន្ន អង្គការសុខភាពពិភពលោក បានគាំទ្រវិធានការរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ដែលតម្រូវឱ្យប្រជាជនស្នាក់នៅតែក្នុងផ្ទះ ដើម្បីសុវត្ថិភាព។
ជាការឆ្លើយតប លោក អាមៀរ សាអ៊ីដ អ៊ីរ៉ាវ៉ានី (Amir-Saeid Iravani) ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានចោទប្រកាន់ការប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែលថា ជាឧក្រិដ្ឋកម្មសង្គ្រាម។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក អេស្មាអ៊ីល បាហ្គេអ៊ី (Esmaeil Baghaei) ក៏បានបង្ហោះសារលើបណ្តាញសង្គម X ដែរថា នេះគឺជាសង្គ្រាមគីមីដោយចេតនា ដែលអាម៉េរិក និងអ៊ីស្រាអែល ត្រូវតែទទួលខុសត្រូវ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស