សារព័ត៌មាន CNBC បានរាយការណ៍ថា វាជាដំណឹងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដោយសារប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ ខែមីនា បានអះអាងថា អ៊ីរ៉ង់បានអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេងចំនួន១០ គ្រឿងអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាពនៅសប្តាហ៍នេះ ដោយលោកចាត់ទុកជាអំណោយ ឬកាដូដ៏ធំសម្រាប់សហរដ្ឋអាម៉េរិក។ លោក ត្រាំ អះអាងថា អាម៉េរិកមានកិច្ចចរចាសំខាន់ៗកំពុងដំណើរការទាក់ទិននឹងបញ្ហានៅអ៊ីរ៉ង់។ ទោះជាយ៉ាងណា ទីក្រុងតេអេរ៉ង់ បានបដិសេធមិនធ្វើការកិច្ចចរចាដោយផ្ទាល់ជាមួយអាម៉េរិកនោះឡើយ ពោលគឺត្រូវធ្វើឡើងតាមរយៈភាគីទី៣ ដែលទំនងជាប៉ាគីស្ថាន។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ បារាំង ក៏បានចេញមកអះអាងដែរថា ខ្លួនបានទំនាក់ទំនងទៅ៣៥ប្រទេសដើម្បីពិភាក្សាផែនការបើកឡើងវិញនូវច្រកសមុទ្រ Hormuz ដ៏សំខាន់សម្រាប់ពិភពលោកដែលបិទដោយអ៊ីរ៉ង់ បន្ទាប់ពីសង្គ្រាមបញ្ចប់។ ជាការពិតណាស់ ទោះបីជាបណ្ដាសម្ពន្ធមិត្តលោកខាងលិច មិនលូកដៃក្នុងសង្គ្រាមអ៊ីរ៉ង់យ៉ាងណាក្ដី ក៏ពួកគេព្រួយបារម្ភយ៉ាងខ្លាំងថា ប្រទេសអ៊ីរ៉ង់ នៅតែអាចគំរាមកំហែងដល់ច្រកសមុទ្រ Hormuz ជាផ្លូវដឹកជញ្ជូនដ៏សំខាន់ដែលមានរហូតដល់ទៅប្រមាណ២០% នៃប្រេងឥន្ធនៈរបស់ពិភពលោកត្រូវបានដឹកឆ្លងកាត់ច្រកនេះជារៀងរាល់ថ្ងៃ។
ប្រទេសបារាំងបានអះអាងថា បេសកកម្មដែលបានគ្រោងទុកនេះមានគោលបំណងស្តារការដឹកជញ្ជូនតាមកប៉ាល់ប្រកបដោយសុវត្ថិភាពឡើងវិញ នៅពេលដែលសង្គ្រាមបញ្ចប់ ហើយការពិភាក្សាគ្នារហូតមកដល់ពេលនេះ គឺដើម្បីប្រមូលគំនិតយោបល់ និងស្វែងរកការគាំទ្រ។ បារាំង និងមហាអំណាចអង់គ្លេសកំពុងដឹកនាំផែនការនេះ ប៉ុន្តែប្រតិបត្តិការណាមួយទំនងជានឹងកើតឡើង លុះត្រាតែភាពតានតឹងនៅមជ្ឈិមបូព៌ាធូរស្រាល និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែទូលំទូលាយ៕
ដោយ: តែម សុខុម