សារព័ត៌មាន នីកេ អេស៊ា បានរាយការណ៍នៅថ្ងៃទី១២ ខែមីនា ថា វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាកើតឡើងនៅពេលដែលបណ្ដាអាជីវកម្ម និងវិនិយោគិនអាស៊ី បញ្ជូនមូលធនកាន់តែច្រើនឡើងៗចូលទៅកាន់ទីផ្សារនៅមជ្ឈិមបូព៌ា ជាពិសេសទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានគេមើលឃើញថា ជាមជ្ឈមណ្ឌលវិនិយោគដ៏មានសុវត្ថិភាព។ ទិន្នន័យពីសភាពាណិជ្ជកម្មអន្តរជាតិ ឌូបៃ បានបង្ហាញថា ជិត៤៧%នៃក្រុមហ៊ុនពហុជាតិសាសន៍បានរើចេញពីអាស៊ីទៅកាន់ទីក្រុងឌូបៃ កាលពីឆ្នាំមុន។
ទោះជាយ៉ាងណា រូបភាពនៃការវាយប្រហារដោយមីស៊ីល និងដ្រូនអត្តឃាតស្រោចដូចទឹកភ្លៀងរបស់អ៊ីរ៉ង់ទៅលើប្រទេសជាច្រើននៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យវិនិយោគិនភ័យខ្លាច និងបាត់បង់ទំនុកចិត្តជាខ្លាំង។ យោងតាមក្រុមអ្នកពិគ្រោះយោបល់បានឱ្យដឹងថា វិនិយោគិនអាស៊ីមួយចំនួនដែលបានផ្លាស់ទីតាំងពីហុងកុងទៅកាន់ក្រុងឌូបៃ ពេលនេះកំពុងពិចារណារើត្រលប់ទៅហុងកុង វិញ។
ទីផ្សារអចលនទ្រព្យនៅក្រុងឌូបៃ ដែលបានហក់ឡើងយ៉ាងខ្លាំងដោយសារតែការវិនិយោគរបស់អាស៊ី ពេលនេះអាចប្រឈមនឹងសម្ពាធខ្លាំង។ ការស្ទង់មតិមួយដោយភ្នាក់ងារអចលនទ្រព្យ Knight Frank បានរកឃើញថា ១៩% នៃប្រជាជនទៅពីអាស៊ីបូព៌ា មានគម្រោងទិញអចលនទ្រព្យនៅក្រុងឌូបៃ ក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ ប៉ុន្តែសង្គ្រាមអ៊ីរ៉ង់ អាចប៉ះពាល់ដល់ផែនការរបស់ពួកគេ។ ក្រុមអ្នកវិភាគនិយាយថា កេរ្តិ៍ឈ្មោះរបស់អេមីរ៉ាតអារ៉ាប់រួម ជាមជ្ឈមណ្ឌលវិនិយោគដ៏មានសុវត្ថិភាពត្រូវបានបំផ្លាញ ទោះបីជាសង្គ្រាមអ៊ីរ៉ង់អាចនឹងបញ្ចប់ឆាប់ៗនេះក៏ដោយ។
ទន្ទឹមនេះ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលថ្មីៗនេះទើបតែបានបើកចំហទីផ្សារភាគហ៊ុន និងអចលនទ្រព្យរបស់ខ្លួនស្វាគមន៍វិនិយោគិនបរទេសជាផ្នែកមួយ នៃផែនការសេដ្ឋកិច្ចចក្ខុវិស័យឆ្នាំ២០៣០ របស់ខ្លួន ក៏អាចមើលឃើញវិនិយោគិនកាន់តែប្រុងប្រយ័ត្នផងដែរអំឡុងសង្គ្រាមនេះ។ ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនព្យាករថា ការវិនិយោគរយៈពេលវែងនៅតែបន្ត ជាពិសេសនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សំខាន់ៗ។ បណ្ដាក្រុមហ៊ុនចិន ដែលចូលរួមយ៉ាងសកម្មក្នុងកម្រោងសាងសង់នានានៅតំបន់មជ្ឈិមបូព៌ា ត្រូវបានរំពឹងថា នឹងនៅតែសកម្ម ដរាបណាបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា នៅតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ពួកគេលើសពីប្រេង៕
ដោយ: តែម សុខុម