ការព្រមានដ៏ក្តៅគគុកនេះត្រូវបានធ្វើឡើងតាមរយៈកិច្ចសម្ភាសផ្តាច់មុខជាមួយទូរទស្សន៍ CNN នៅទីក្រុងតេអេរ៉ង់ ដោយលោក ខាម៉ាល ខារ៉ាហ្ស៊ី (Kamal Kharazi) ទីប្រឹក្សាគោលនយោបាយការបរទេស នៃរដ្ឋាភិបាលអ៊ីរ៉ង់។ លោកបានបដិសេធរាល់ការចរចាផ្លូវការទូតនាពេលបច្ចុប្បន្ន ដោយសង្កត់ធ្ងន់ថា សង្គ្រាមអាចនឹងបញ្ចប់ទៅវិញបានលុះត្រាតែមានការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរកើតឡើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo News។
លោកបានសង្កត់ធ្ងន់ថា លោកមើលមិនឃើញឱកាសសម្រាប់កិច្ចចរចាការទូតទៀតនោះទេ ព្រោះលោក ដូណាល់ ត្រាំ ជាមនុស្សបោកប្រាស់ និងមិនរក្សាពាក្យសន្យា ពោលគឺអ៊ីរ៉ង់ព្យាយាមចរចា តែពួកគេបែរជាវាយប្រហារមកលើអ៊ីរ៉ង់ទៅវិញ។
មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមថា គ្មានជម្រើសអ្វីក្រៅពីការដាក់សម្ពាធសេដ្ឋកិច្ចឱ្យដល់កម្រិតអតិបរមានោះទេ ដើម្បីជំរុញឱ្យប្រទេសដទៃទៀតចូលធ្វើអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់អាម៉េរិក និងអ៊ីស្រាអែល។ លោកបានចង្អុលបង្ហាញថា បណ្តាប្រទេសអារ៉ាប់ក្នុងឈូងសមុទ្រពែក្ស ចាំបាច់ត្រូវតែដាក់សម្ពាធលើវ៉ាស៊ីនតោន ប្រសិនបើចង់ឱ្យសង្គ្រាមនេះបញ្ចប់។
ចាប់តាំងពីជម្លោះបានផ្ទុះឡើង អ៊ីរ៉ង់បានបើកការវាយប្រហារលើគោលដៅជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា ដោយអះអាងថា ជាការវាយប្រហារលើផលប្រយោជន៍របស់អាម៉េរិក។ ទោះជាយ៉ាងណា គេសង្កេតឃើញថា អគារលំនៅឋាន និងអាកាសយានដ្ឋានស៊ីវិលជាច្រើន ក៏បានរងគ្រោះផងដែរ។ យុទ្ធសាស្ត្រវាយប្រហាររបស់អ៊ីរ៉ង់កំពុងកេងចំណេញពីភាពផុយស្រួយ នៃខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលសកល និងផ្លូវដឹកជញ្ជូនអន្តរជាតិ។
បច្ចុប្បន្នចរាចរណ៍នាវាតាមច្រកសមុទ្រហ័រមូស បានជាប់គាំងស្ទើរតែទាំងស្រុង ដែលជាហេតុធ្វើឱ្យតម្លៃប្រេងឆៅហក់ឡើងខ្ពស់ជាង១០០ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ។ វិបត្តិនេះបានធ្វើឱ្យទីផ្សារភាគហ៊ុនពិភពលោកមានការរង្គោះរង្គើយ៉ាងខ្លាំង និងប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស