សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ប្រធានសភាអ៊ីរ៉ង់លោក មហាម៉េដ បាហ្គើ កាលីបាហ្វ (Mohammed Bager Qalibaf) ដែលពេលនេះជាអ្នកចរចាឈានមុខគេរបស់អ៊ីរ៉ង់ បានព្រមានថា ការចរចាសន្តិភាពជាមួយសហរដ្ឋអាម៉េរិកនឹងឥតន័យខ្លឹមសារ បើអ៊ីស្រាអែលនៅតែបំពានបទឈប់បាញ់ដែលលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី៧ ខែមេសា។ ការព្រមានបែបនេះធ្វើឡើងក្រោយអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាបំផុតមិនបធ្លាប់មានទៅលើប្រទេសលីបង់ កាលពីថ្ងៃទី៨ ខែមេសា ផ្ដាច់ជីវិតមនុស្សអស់រហូតដល់ទៅ២៥៤នាក់។
ភាគីទាំងពីរមានផែនការសន្តិភាពរៀងៗខ្លួន ដែលមានភាពខុសគ្នាខ្លាំងសម្រាប់ការចរចាសន្តិភាពដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែមេសា ដ៏ខ្លីខាងមុខនេះ ហើយគេមិនច្បាស់ទេថា តើបទឈប់បាញ់រយៈពេល២សប្តាហ៍នឹងបញ្ចប់កណ្ដាលទី ឬយ៉ាងណា ខណៈភាពតានតឹងកាន់តែកើនឡើងកម្ដៅ ដែលធ្វើឱ្យពន្លឺ នៃក្ដីសង្ឃឹមថា នឹងនាំមកនូវសន្តិភាពសម្រាប់តំបន់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗរសាត់បាត់ទៅតាមខ្យល់។
សារព័ត៌មាន Aljazeera បានរាយការណ៍កាលពីថ្ងៃទី៨ ខែមេសា ថា អ៊ីរ៉ង់បានព្រមានដកខ្លួនចេញពីកិច្ចព្រមព្រៀងឈប់បាញ់របស់សហរដ្ឋអាម៉េរិក ប្រសិនបើអ៊ីស្រាអែល នៅតែបន្តបំពានបទឈប់បាញ់តាមរយៈការវាយប្រហារប្រទេសលីបង់។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃទី៨ ខែមេសា បានប្រកាសថា លោកគាំទ្រការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការផ្អាកវ៉ៃអ៊ីរ៉ង់រយៈពេល២សប្តាហ៍ ប៉ុន្តែបទឈប់បាញ់នេះមិនរាប់បញ្ចូលការប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធហេសបូឡានៅក្នុងប្រទេសលីបង់នោះទេ ពោលគឺសមរភូមិនៅលីបង់មិនឈប់ជាដាច់ខាត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។
ឆ្លើយតបនឹងបញ្ហានេះ ទីក្រុងតេអេរ៉ង់ មើលឃើញថា នេះគ្រាន់តែជាល្បិចកិច្ចកលខាងនយោបាយរបស់អ៊ីស្រាអែលតែប៉ុណ្ណោះ។ យ៉ាងណាមិញ អ៊ីរ៉ង់បានទាមទារឱ្យដាក់បញ្ចូលប្រទេសលីបង់ទៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់២សប្តាហ៍របស់លោក ត្រាំ ដើម្បីការពារសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ខ្លួន គឺក្រុមហេសបូឡា។ តាមរយៈសារព័ត៌មាន Al Jazeera អ៊ីរ៉ង់បានគំរាមដកខ្លួនចេញពីបទឈប់បាញ់ភ្លាមៗ និងរៀបចំការសងសឹក ប្រសិនបើការបង្ហូរឈាមនៅលីបង់នៅតែបន្ត។
បច្ចុប្បន្នពន្លឺ នៃក្ដីសង្ឃឹមសម្រាប់សន្តិភាពដែលទើបតែនឹងចាប់ផ្ដើមកំពុងត្រូវបានគ្របដណ្ដប់ដោយផ្សែងកាំភ្លើងជាថ្មីម្ដងទៀត។ ពិភពលោកកំពុងតាមដានមើលថា តើលោក ដូណាល់ ត្រាំ នឹងប្រើប្រាស់ឥទ្ធិពលរបស់លោកយ៉ាងដូចម្តេច ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀង ដែលកំពុងរង្គោះរង្គើខ្លាំងមួយនេះ មុនពេលការចរចាផ្លូវការនៅថ្ងៃសៅរ៍ ឈានចូលមកដល់៕
ដោយ: តែម សុខុម