យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៥ កម្ពុជា បានចំណាយទឹកប្រាក់ជាង៧៦៩លានដុល្លារលើការនាំចូលដែក និងដែកថែប សម្រាប់បម្រើដល់វិស័យសំណង់ មានការកើនឡើងជាង៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំទឹកប្រាក់ជាង៥០០លានដុល្លារ។
លោក ឃូ សុខឡៃ អ្នកគ្រប់គ្រងទូទៅរបស់សាជីវកម្មពិស្ណុការ បានចាត់ទុកកំណើននាំចូលដែក និងដែកថែបនៅក្នុងរយៈពេល១០ខែកន្លងមកនេះ វាបានបង្ហាញពីការរើបឡើងវិញនៃវិស័យសំណង់ ជាពិសេសគម្រោងសាងសង់នៅតាមទីតាំង ដែលមានសក្តានុពលក្នុងរាជធានីភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសនៅតាមព្រំដែនប៉ោយប៉ែត និងបាវិតជាដើម។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នការនាំចូលដែករបស់កម្ពុជា ភាគច្រើនពីប្រទេសវៀតណាម និងចិន ខណៈការនាំចូលពីទីផ្សារទាំងនោះទៀតសោតមានការកើនឡើងយ៉ាងគំហុកចាប់តាំងពីមានការបិទច្រកព្រំដែនគោករវាងកម្ពុជា និងថៃ គួបផ្សំការនាំចូលដែកពីទីផ្សារចិន និងវៀតណាមមានតម្លៃល្អជាងការនាំចូលពីថៃ។
ជាមួយគ្នានេះ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា កំណើននាំចូលដែក និងដែកថែបនៅ១០ខែកន្លងមកនេះ គឺដោយសារការកើនឡើងនៃការសាងសង់សំណង់នៅកម្ពុជា នាពេលបច្ចុប្បន្ន ជាពិសេសលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ និងគម្រោងរបស់វិស័យឯកជន ដោយក្នុងនោះមានទាំងគម្រោងសាងសង់បង្កើតថ្មី និងគម្រោងចាស់ៗដែលបានជាប់គាំងនាពេលកន្លងមក។
គួរបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការនាំចូលដែក និងដែកថែបរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ៦៣១លានដុល្លារ កើនឡើងជិត៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕