ផែនទីបាតសមុទ្រ

តើចិនកំពុងគូសផែនទីបាតមហាសមុទ្រនានា ដើម្បីត្រៀមផែនការធ្វើសង្គ្រាមនាវាមុជទឹកជាមួយសហរដ្ឋអាម៉េរិកឬ?


ចិនកំពុងបញ្ជូននាវាស្រាវជ្រាវរាប់សិបគ្រឿង រួមជាមួយឧបករណ៍ចាប់សញ្ញា ឬសេនស័ររាប់រយគ្រឿងឱ្យធ្វើដំណើរឆ្លងកាត់មហាសមុទ្រនានារបស់ពិភពលោក ដើម្បីគូសផែនទីបាតមហាសមុទ្រ និងសិក្សាពីស្ថានភាពក្រោមផ្ទៃទឹក។ ជាផែនការបេសកកម្មនេះធ្វើឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ការនេសាទ និងធនធានរ៉ែ។ ប៉ុន្តែក្រុមអ្នកជំនាញយោធាលើកឡើងថា ទិន្នន័យ សំខាន់ៗ ដែលនាវាស្រាវជ្រាវទាំងនេះប្រមូលបានអាចយកទៅប្រើប្រាស់សម្រាប់គោលបំណង យោធា។
ផែនទីបាតសមុទ្រ
ដោយ

ទិន្នន័យទាំងនោះនឹងជួយឱ្យចិនយល់ដឹងកាន់តែច្បាស់ កាន់តែលម្អិតអំពីសណ្ឋានដី និងស្ថានភាពនៅបាតសមុទ្រ ដែលមានសារៈសំខាន់សម្រាប់ប្រតិបត្តិការវាយប្រហារដោយនាវាមុជទឹក ប្រសិនបើសង្គ្រាមផ្ទុះឡើង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ដើម្បីគូសផែនទីបាតមហាសមុទ្រ និងសិក្សាពីស្ថានភាពក្រោមផ្ទៃទឹក ចិនកំពុងបញ្ជូននាវាស្រាវជ្រាវរាប់សិបគ្រឿងរួមជាមួយឧបករណ៍ចាប់សញ្ញា ឬសេនស័ររាប់រយគ្រឿងឱ្យធ្វើដំណើរឆ្លងកាត់មហាសមុទ្រនានារបស់ពិភពលោក។ នាវាដូចជាតុង ហ្វាង ហុង ៣ ជាដើម បាននិងកំពុងប្រតិបត្តិការនៅជិតតំបន់សំខាន់ៗដូចជាកោះតៃវ៉ាន់ កោះហ្គាំ ដែលមានមូលដ្ឋានយោធាអាម៉េរិក និងផ្លូវសមុទ្រ

សំខាន់ៗដូចជាច្រកសមុទ្រម៉ាឡាកាជាដើម ដោយតំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក និងយុទ្ធសាស្ត្រយោធា។

ការវាស់ស្ទង់ ឬការគូសវាសផែនដីក្រោមបាតសមុទ្រនេះ គឺជាផ្នែកមួយ នៃគម្រោងសកលដ៏មហិច្ឆតាដែលមានវិសាលភាពគ្របដណ្ដប់ទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា និងមហាសមុទ្រនៅតំបន់អាក់ទិក ដោយមាននាវាស្រាវជ្រាវរាប់សិបគ្រឿង និងឧបករណ៍ចាប់សញ្ញា ឬសេនស័រក្រោមទឹករាប់រយគ្រឿងចូលរួមពាក់ព័ន្ធក្នុងបេសកកម្មនេះ។ ឧបករណ៍ចាប់សញ្ញាទាំងនេះប្រមូលទិន្នន័យស្ដីពីសីតុណ្ហភាពទឹក ចរន្តទឹក សណ្ឋានដីនៅបាតសមុទ្រ ដែលទាំងនេះសុទ្ធតែមានសារៈសំខាន់សម្រាប់ការផ្លាស់ទី និងការស្វែងរកនាវាមុជទឹក។

ក្រុមអ្នកជំនាញយោធាបានអះអាងថា ទំហំនៃគម្រោងវាស់ស្ទង់ ឬការគូរផែនទីនៅបាតមហាសមុទ្រនេះបង្ហាញថា ចិនកំពុងកសាងកងទ័ពជើងទឹកដ៏ខ្លាំងក្លា ដែលមានសមត្ថភាពអាចធ្វើប្រតិបត្តិការឆ្ងាយពីឆ្នេរសមុទ្ររបស់ខ្លួន ដោយផ្តោតយ៉ាងខ្លាំងលើនាវាមុជទឹក។ គម្រោងដ៏មហិច្ឆតានេះ ក៏ឆ្លុះបញ្ចាំងពី ការរួមបញ្ចូលគ្នានូវគោលបំណងស៊ីវិល និងគោលបំណងយោធារបស់ចិនផងដែរ។ សរុបមក ក្រុមអ្នកវិភាគព្រមានថា សកម្មភាពរបស់ចិនអាចធ្វើឱ្យចុះខ្សោយ ឬកាត់បន្ថយអត្ថប្រយោជន៍របស់កងទ័ពជើងទឹកអាមេរិកក្នុងការគ្រប់គ្រងមហាសមុទ្រ និងបង្កើនក្តីបារម្ភអំពីសន្តិសុខទូទាំងពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រោយអាម៉េរិកជាប់ដៃប្រយុទ្ធជាមួយអ៊ីរ៉ង់ ចិនប្រកាសថា ខ្លួនជាមហាអំណាចដែលមានស្ថិរភាព

នៅក្នុងបរិការណ៍ ដែលពិភពលោកកំពុងធ្លាក់ក្នុងភាពចលាចលសេដ្ឋកិច្ច ហើយមហាអំណាចយោធាធំៗកំពុងជាប់ដៃក្នុងសង្គ្រាមមិនទាន់មានពន្លឺក្នុងការបញ្ចប់ ចិ…

តើតម្លៃមាសអាចហក់ឡើងដល់កំណត់ត្រាចាស់ជាង ៦,៦០០ដុល្លារក្នុង១តម្លឹងដែរឬទេ?

បន្ទាប់ពីបានដាំក្បាលចុះយ៉ាងគំហុកកាលពីសប្ដាហ៍មុន ហាងឆេងមាសបានចាប់ផ្ដើម ឡើងថ្លៃវិញជាបណ្ដើរៗហើយ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី២៥ ខែមីនា តម្លៃមាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ