វិស័យពាណិជ្ជកម្ម

តើជម្លោះព្រំដែនកម្ពុជា-ថៃ អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគដែរឬទេ?


ក្រុមអ្នកជំនាញបានចាត់ទុកប្រទេសថៃ ជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ទាំងលើការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
វិស័យពាណិជ្ជកម្ម
ដោយ

ប៉ុន្តែក្រោយមានការប៉ះទង្គិចប្រដាប់អាវុធរវាងកម្លាំងនៃប្រទេសទាំងពីរ ដែលធ្វើឱ្យជម្លោះព្រំដែនរវាងប្រទេសទាំងពីរឡើងកម្តៅជាថ្មី បានធ្វើឱ្យអ្នកជំនាញជឿជាក់ថា ចង់ ឬមិនចង់បញ្ហានេះអាចនឹងរាលដាលធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគមួយចំនួនរវាងប្រទេសទាំងពីរ ប្រសិនបើបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតែបន្តក្នុងភាពតានតឹងមិនអាចរកដំណោះស្រាយបាន។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសថៃ ជាដៃគូវិនិយោគដ៏សំខាន់មួយក្នុងចំណោមដៃគូវិនិយោគធំៗនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ ក៏មានចំនួនច្រើនផងដែរ។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា ក្រោយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានផ្ទុះឡើងសាជាថ្មី ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ប្រសិនបើយោធាថៃ នៅតែបន្តរុញបញ្ហានេះឱ្យរីករាលដាលកាន់តែធំ។ សម្រាប់លោកបណ្ឌិត គិន ភា កម្ពុជានិងថៃ សុទ្ធតែខាតបង់ផ្នែកសេដ្ឋកិច្ចពីបញ្ហាជម្លោះព្រំដែននេះ ប្រសិនបើស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ប៉ុន្តែលោកយល់ថា ភាគីថៃ ទំនងជាអាចខាតបង់ច្រើនជាងកម្ពុជា ដោយសារការនាំចូលទំនិញពីថៃ ចូលមកកម្ពុជា មានទំហំធំជាងការនាំចូលពីកម្ពុជាទៅថៃ។

​លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា វិស័យឯកជននៃប្រទេសទាំងពីរសុទ្ធតែមិនចង់ឱ្យមានបញ្ហាអាក្រក់ណាមួយប៉ះពាល់ដល់ប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរបស់ពួកគេតាមរយៈបញ្ហាជម្លោះព្រំដែននេះ ស្របពេលគោលជំហររបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏មិនចង់ឱ្យបញ្ហានេះរាលដាលទៅដល់កិច្ចសហប្រតិបត្តិការរបស់វិស័យផ្សេងៗដែលកំពុងវិនិយោគនៅក្នុងប្រទេសរៀងៗខ្លួននោះដែរ។ សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើបញ្ហាទំនាស់ព្រំដែនត្រូវបានដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ដោយសន្តិវិធីនោះ លោកជឿជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរនៅតែរក្សាបានក្នុងភាពល្អប្រសើរដដែល ប៉ុន្តែបើបញ្ហាជម្លោះព្រំដែននេះនៅតែបន្តរីកធំឡើង និងឈានដល់ការបិទច្រកព្រំដែនរវាងគ្នានោះ ប្រាកដណាស់នឹងប៉ះពាល់ដល់ការដោះដូរពាណិជ្ជកម្ម និងវិនិយោគរវាងគ្នា។

​ជុំវិញបញ្ហានេះ ទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវម្តងហើយម្តងទៀតដល់ជនរួមជាតិទាំងអស់កុំពង្រីកទំនាស់ដែលបានកើតមានជុំវិញបញ្ហាព្រំដែននេះឱ្យរីករាលដាលដល់វិស័យផ្សេងៗ និងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍រវាងប្រទេសទាំងពីរ។ ហើយដើម្បីពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងជុំវិញជម្លោះព្រំដែនជាមួយថៃនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងយកបញ្ហានេះទៅតតាំងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយបើភាគីថៃ មិនព្រមទៅ ក៏កម្ពុជា នៅតែរក្សាជំហរប្តឹងទៅតុលាការនេះដែរ។

សូមបញ្ជាក់ថា វិវាទខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ បានឡើងកម្តៅជាថ្មីក្រោយក្រុមទាហានថៃ បានលបវាយឆ្មក់មកលើទាហានកម្ពុជា ដែលឈរជើងនៅក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅថ្មីៗនេះ៕




អត្ថបទបន្ទាប់


តើការប្រើប្រាស់ជីថ្នាំគីមីក្នុងវិស័យកសិកម្មនៅកម្ពុជា មានស្ថានភាពយ៉ាងណាដែរ?

ការប្រើប្រាស់ជីគីមីនៅក្នុងវិស័យកសិកម្មប៉ុន្មានឆ្នាំចុងក្រោយ ត្រូវបានគេសង្កេតឃើញមាននិន្នាការកើនឡើង ខណៈការប្រកួតប្រជែងលើការលក់ជីថ្នាំ ក៏កំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ