លោក ប្រាវីត រោចាណាភ្រឹក អ្នកសារព័ត៌មានជាន់ខ្ពស់របស់កាសែត Khaosod English បានសរសេរអត្ថបទវិភាគមួយដ៏គួរចាប់អារម្មណ៍នៅថ្ងៃទី២៥ ខែធ្នូ នេះ ដោយដាក់ចំណងជើងធំៗថា តើយោធាថៃ កំពុងស្រវឹងសង្គ្រាម ឬយ៉ាងណា? ការចោទជាសំណួរនេះបានកើតឡើងក្រោយយោធាថៃ ដែលកំពុងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា បានបំផ្លាញខ្ទេច បំផ្លាញខ្ទី មិនស្គាល់អ្វី ដែលជាតម្លៃនៃសាសនា អ្វីដែលជាតម្លៃនៃវប្បធម៌របស់តំបន់ និងអ្វីដែលជាតម្លៃ នៃបេតិកភណ្ឌរបស់មនុស្សជាតិ នោះទេ ជាពិសេសក្រោយការវាយកម្ទេចរូបសំណាកសំណាងឱ្យសាសនាហិណ្ឌូ។
អ្នកជំនាញរូបនេះបានចាត់ទុកទង្វើដ៏គឃ្លើនរបស់យោធាថៃនេះ កំពុងអូសទាញប្រទេសទី៣ ដែលមិនពាក់ព័ន្ធនឹងសង្គ្រាមខ្មែរ-ថៃ ដូចជាឥណ្ឌាជាដើម មានការខឹងសម្បារ ធុញទ្រាន់ និងមើលមកប្រទេសថៃ ក្នុងផ្លូវអវិជ្ជមាន។ ជាក់ស្តែងអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា នៅថ្ងៃទី២៤ ខែធ្នូ បានចេញមកស្ដីបន្ទោសទង្វើរបស់យោធាថៃថា ជាការមិនគោរពឱ្យតម្លៃលើសាសនាហិណ្ឌូ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកគោរពជឿជាក់នៅជុំវិញពិភពលោក ហើយថា រឿងបែបនេះមិនគួរកើតឡើងនោះឡើយ។
យ៉ាងណាមិញអ្នកវិភាគរូបនេះមើលឃើញថា ក្រោយយោធាថៃ កំពុងស្រវឹងសង្រ្គាម មានប្រព័ន្ធផ្សព្វផ្សាយថៃ ជាច្រើន បានផ្សព្វផ្សាយបន្តដោយមិនប្រយ័ត្នប្រយែងរហូតត្រូវបានគេមើលឃើញថា ថៃ ជាប្រជាជាតិ ដែលកំពុងងប់ងុលស្រវឹងជាមួយនឹងការធ្វើសង្រ្គាម។
សម្រាប់អ្នកវិភាគខាងលើ ការបំផ្លាញប៉ាតណាប៉ាតណីរបស់យោធាថៃ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ និងបង្កអរិភាពកាន់តែធ្ងន់ធ្ងរជាមួយកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងកំពុងបង្កបញ្ហាជាមួយប្រជាជាតិផ្សេង ជាពិសេសឥណ្ឌា ដែលគេដឹងថា ជាប្រទេសប្រភពដើមរួមមួយ នៃអរិយធម៌នៅអាស៊ីអាគ្នេយ៍ ជាពិសេសជាមួយកម្ពុជា តែម្តង៕
ដោយៈ សរ សុជាតិ