
អ្នកជំនាញជឿជាក់ថា អត្រាពន្ធក្នុងកម្រិតនេះនឹងមិនអាចជំរុញឱ្យក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជា បង្វែរការវិនិយោគចេញពីកម្ពុជា ភ្លាមៗទៅកាន់ប្រទេសផ្សេងនោះទេ។ តើអត្រាពន្ធបដិការ៣៦% ដែលអាម៉េរិកដាលក់លើកម្ពុជា វាកម្រិតមួយគួរឱ្យបារម្ភឬយ៉ាងណា?
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស បានចាត់ទុកអត្រាពន្ធបដិការចំនួន៣៦% ដែលសហរដ្ឋអាម៉េរិក ដាក់លើកម្ពុជា វាមិនមែនជាកម្រិតដែលគួរឱ្យព្រួយបារម្ភខ្លាំងនោះទេ តែវាជាស្ថានភាពមួយដែលទាមទារឱ្យកម្ពុជាត្រូវពង្រឹងសមត្ថភាព ដើម្បីធ្វើពិពិធកម្មផលិតកម្ម និងការធ្វើពាណិជ្ជកម្មរបស់ខ្លួន។ អ្នកជំនាញរូបនេះជឿជាក់ថា ការយកពន្ធ៣៦% របស់អាម៉េរិកនេះនឹងពុំអាចធ្វើឱ្យអ្នកវិនិយោគនៅកម្ពុជា បង្វែរទិសទៅប្រទេសផ្សេងភ្លាមៗនោះទេ ដោយសារអ្នកវិនិយោគត្រូវពិនិត្យលើអត្ថប្រយោជន៍នៃការធ្វើពាណិជ្ជកម្ម ខណៈកម្ពុជា មានទីតាំងភូមិសាស្រ្តល្អ និងមានគោលនយោបាយលើកទឹកចិត្តជាច្រើនដល់អ្នកវិនិយោគ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងបន្តបើកឱកាសក្នុងចរចាបញ្ចុះពន្ធលើទំនិញកម្ពុជា បន្ថែមទៀត ខណៈវិស័យឯកជន និងរាជរដ្ឋាភិបាលបានសហការគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីដោះស្រាយលើបញ្ហានេះ។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកអត្រាពន្ធ៣៦%ដែលអាម៉េរិកដាក់លើកម្ពុជានេះមិនមែនជាអត្រាដែលកម្ពុជា ចង់បាននោះទេ បើទោះបីវាជាជោគជ័យមួយជំហានសម្រាប់កម្ពុជាក៏ដោយ។ ជាមួយគ្នានេះអ្នកជំនាញរូបនេះបានបង្ហាញក្តីបារម្ភថា ប្រសិនបើអាម៉េរិក យកពន្ធ៣៦% ក្នុងអត្រានេះ នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ហើយវាក៏អាចធ្វើឱ្យប៉ះពាល់ការប្រកួតប្រជែងរបស់កម្ពុជា ផងដែរ។ ស្ថិតក្នុងស្ថានភាពនេះអ្នកជំនាញរូបនេះលើកទឹកចិត្តឱ្យកម្ពុជា ពង្រីកទីផ្សារទៅបណ្ដាប្រទេសផ្សេងៗទៀតដើម្បីទាក់ទាញការទិញ និងពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិ។
ពាក់ព័ន្ធបញ្ហាពន្ធបដិការនេះ លោក ខេស៊ី បាណេត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មអាម៉រិក ប្រចាំកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុសថា កម្ពុជា មានការកាត់បន្ថយអត្រាពន្ធច្រើនជាងគេក្នុងចំណោមប្រទេសទាំង១៤ ពោលគឺពី៤៩% មកនៅត្រឹម៣៦% ដោយសារការចូលរួមចរចាយ៉ាងសកម្មជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។ បច្ចុប្បន្នកម្ពុជា ខិតជិតដៃគូប្រកួតប្រជែងសំខាន់របស់ខ្លួន គឺបង់ក្លាដែស និងឥណ្ឌូនេស៊ី។ ប៉ុន្តែកម្ពុជា នៅពីក្រោយប្រទេសវៀតណាម ដែលមានអត្រា២០% ដោយសារវៀតណាម បានផ្តល់សិទ្ធិចូលទីផ្សារវៀតណាម ដោយគ្មានពន្ធដល់អាម៉េរិក។ លោកបានអះអាងថា រោងចក្រមួយចំនួននៅកម្ពុជា ឥឡូវនេះកំពុងសម្លឹងមើលប្រទេសក្រៅអាស៊ី ដូចជាអេហ្ស៊ីប ដែលមានតម្លៃពលកម្មទាប និងរងពន្ធពីអាម៉េរិក ត្រឹមតែ១០%ប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធបដិការលើប្រទេស និងតំបន់ជាង១៨០ តែមានប្រទេសប្រមាណ១៨ប៉ុណ្ណោះ ដែលបានខិតខំចរចាជាមួយអាម៉េរិកក្នុងនោះក៏មានកម្ពុជា ផងដែរ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ