វិបត្តិមជ្ឈិមបូព៌ា

តើលោក ត្រាំ កំពុងទាញអាម៉េរិកឱ្យជាប់ផុងក្នុងភក់ជ្រាំសង្គ្រាមជាមួយអ៊ីរ៉ង់ឬយ៉ាងណា?


សង្គ្រាមដ៏ក្ដៅគគុកនៅតំបន់មជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងជាង២សប្តាហ៍កន្លងមកនេះ ក្រោយការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ចាប់ដៃគ្នាជាមួយលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ វាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កំពុងវិវត្តទៅរកភាពមិនច្បាស់លាស់។ ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងតែតអាវីវ មានសុទិដ្ឋិនិយមថា យុទ្ធនាការនេះនឹងបញ្ចប់ក្នុងរយៈពេលត្រឹម៦សប្តាហ៍ក៏ដោយ ប៉ុន្តែអ្នកវិភាគព្រមានថា សេណារីយ៉ូនៃការជាប់ផុងក្នុងសង្គ្រាមនេះរបស់អាម៉េរិក កំពុងលេចរូបរាងឡើង ខណៈការសងសឹកពីសំណាក់អ៊ីរ៉ង់ នៅតែបន្តមានប្រសិទ្ធភាព។
វិបត្តិមជ្ឈិមបូព៌ា
ដោយ

ក្រោយមោទនភាព នៃការផ្ដួលរំលំរបបដឹកនាំវេណេស៊ុយអេឡា តាមរយៈប្រតិបត្តិការផ្លេកបន្ទោរ លោក ដូណាល់ ត្រាំ បានបន្តយុទ្ធសាស្ត្រដដែលមកលើអ៊ីរ៉ង់ ដោយបានបើកការវាយប្រហារយ៉ាងសន្ធាប់ដែលបានសម្លាប់មេដឹកនាំអ៊ីរ៉ង់ ដល់ទៅ៤៨រូប រួមទាំងឥស្សរជនកំពូល​ៗ នៃរបបបព្វជិតមូស្លីមផងដែរ។ ទោះជាយ៉ាងណាលទ្ធផលជាក់ស្តែងក្នុងរយៈពេល១៩ថ្ងៃមកនេះ បែរជាបង្ហាញភាពផ្ទុយគ្នាស្រឡះពីការរំពឹងទុក។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP អាម៉េរិក មិនត្រឹមតែមិនទាន់អាចផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់ បាននោះទេ ប៉ុន្តែសូម្បីតែការធានាសុវត្ថិភាពនៅច្រកសមុទ្រ Hormuz ក៏កំពុងស្ថិតក្នុងភាពចលាចលដែរ។ ស្ថានភាពនេះបានបង្ខំឱ្យសម្ពន្ធមិត្តអារ៉ាប់ ដូចជាអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និងគុយវ៉ែតជាដើម ស្រែកអំពាវនាវរកជំនួយពីអង្គការណាតូ និងប្រទេសចិន ដើម្បីជួយសម្របសម្រួលបញ្ហាច្រកសមុទ្រនេះ។

យោងតាមការចុះផ្សាយរបស់ Reuters លោក ត្រាំ បានស្នើសុំឱ្យប្រទេសមហាអំណាចចំនួន៦រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម បញ្ជូននាវាចម្បាំងមកជួយបើកច្រកសរសៃឈាមសេដ្ឋកិច្ច ដែលធានាការនាំចេញប្រេង២០% របស់ពិភពលោកក្នុង១ថ្ងៃៗ ប៉ុន្តែការឆ្លើយតបរបស់បណ្តាប្រទេសទាំងនោះហាក់ត្រជាក់ជ្រងំ។ សម្ពន្ធមិត្តអឺរ៉ុបដូចជា អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលីបានប្រកាសដោយចំហថា ពួកគេមិនទាន់មានផែនការបញ្ជូនកម្លាំងយោធាទៅចូលរួមក្នុងភ្លើងសង្គ្រាមនៅអ៊ីរ៉ង់នៅឡើយទេ។

ទោះបីជាហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ ត្រូវបានរងការបំផ្លាញរាប់ពាន់លានដុល្លារក៏ដោយ ប៉ុន្តែសហរដ្ឋអាម៉េរិក ក៏ខាតបង់សម្បើមមិនចាញ់គ្នាដែរ។ សារព័ត៌មាន New York Times បានទម្លាយថា ត្រឹមតែរយៈពេល៦ថ្ងៃដំបូង ទីក្រុងវ៉ាស៊ីនតោន បានចំណាយថវិកាអស់រហូតដល់ទៅជាង១១ពាន់លានដុល្លារ ដែលមានន័យថា គិតត្រឹមថ្ងៃទី១៨ នៃសង្គ្រាមនេះ ការចំណាយលើសម្ភារៈសឹកអាចហក់ឡើងដល់ខ្ទង់៣៤ពាន់លានដុល្លារ បាត់ទៅហើយ។ លើសពីនេះ ទំនុកចិត្តពីសម្ពន្ធមិត្តនៅមជ្ឈិមបូព៌ា និងមូលដ្ឋានយោធាអាម៉េរិកជាច្រើន ក៏ត្រូវបានរង្គោះរង្គើដោយសារការវាយប្រហារពីដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ផងដែរ។

ដោយឡែក សម្រាប់អ៊ីស្រាអែលឯណោះវិញ ការសងសឹកពីសំណាក់អ៊ីរ៉ង់ បានធ្វើឱ្យរដ្ឋមួយនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានកន្លងមក។ ទោះបីជាព័ត៌មានធំៗមិនទាន់ចុះផ្សាយ តែតាមការរាយការណ៍របស់គេហទំព័រធំៗនៅលើបណ្តាញសង្គម មានចលនាបាតុកម្មប្រឆាំងនឹងលោក ណេតាន់យ៉ាហ៊ូ កំពុងកើតឡើងនៅក្នុងប្រទេសអ៊ីស្រាអែល ដោយសារពលរដ្ឋយល់ថា មេដឹកនាំរូបនេះកំពុងនាំប្រទេសធ្លាក់ក្នុងគ្រោះមហន្តរាយ។ ស្ថានភាពបច្ចុប្បន្នបានបង្ហាញឱ្យឃើញថា អ៊ីរ៉ង់ពិតជាកំពុងអូសអាម៉េរិក និងអ៊ីស្រាអែលឱ្យផុងខ្លួនក្នុងសង្គ្រាម ដែលពិបាកនឹងដកថយវិញបាន៕

ដោយៈ ខេមបូណូមីស




អត្ថបទបន្ទាប់


រដ្ឋនៅឈូងសមុទ្រអារ៉ាប់ជំរុញឱ្យអាម៉េរិក កម្ចាត់អ៊ីរ៉ង់ ឱ្យបានឆាប់ ខណៈវិបត្តិនៅច្រកសមុទ្រហ័រម៉ូស កាន់តែធ្ងន់ធ្ងរ

បញ្ហានយោបាយនៅមជ្ឈិមបូព៌ាបានឈានដល់របត់ថ្មីដ៏គួរឱ្យភ្ញាក់ផ្អើល ដោយក្រុមប្រទេសនៅឈូងសមុទ្រអារ៉ាប់ ដែលធ្លាប់តែប្រឆាំងនឹងសង្រ្គាម បែរជាងាកមកជំរ…

អាម៉េរិក និងចិន គ្រោងបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម ដើម្បីគ្រប់គ្រងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ

សហរដ្ឋអាម៉េរិក និងចិន បានជួបចរចាគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែមីនា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងទម្លាយភាពទាល់ច្រកឱ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ