សារព័ត៌មាន the Independent បានរាយការណ៍ថា លោក ដូណាល់ ត្រាំ បានប្រាប់សភាថា វាមិនអាចទៅរួចទេ ក្នុងការកំណត់ពេលវេលាឱ្យច្បាស់លាស់ថា តើសហរដ្ឋអាម៉េរិកនឹងបញ្ចប់ការវាយប្រហារទៅលើអ៊ីរ៉ង់ នៅពេលណានោះ។ យ៉ាងណាមិញកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃការបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ លោក ត្រាំ បានអះអាងថា ការវាយប្រហារនេះនឹងចំណាយពេលត្រឹម២ ទៅ៣ថ្ងៃប៉ុណ្ណោះ ដើម្បីប្ដូររបបដឹកនាំក្រុងតេអេរ៉ង់ ប៉ុន្តែក្រោយមកលោកបានវាយតម្លៃថា អាចអូសបន្លាយពេល១ខែ ឬយូរជាងនេះ ហើយចុងក្រោយបែរជារកពេលកំណត់មិនឃើញទៅវិញ។
ប្រតិបត្តិការយោធាតោគ្រហឹម កំពុងរុញច្រានតំបន់មជ្ឈិមបូព៌ាឱ្យធ្លាក់ក្នុងវិនាសសកម្មដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៥ទសវត្សរ៍ចុងក្រោយ។ បើទោះបីជាក្នុងប្រវត្តិសាស្ត្រ អាម៉េរិក ធ្លាប់ឈ្នះសង្គ្រាមនៅអ៊ីរ៉ាក់ ស៊ីរី និងយេមែនក៏ពិតមែន ប៉ុន្តែលើកនេះអ៊ីរ៉ង់ មិនមែនជាចំណីងាយស្រួលស៊ីឡើយ។ ការសងសឹកក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ បានធ្វើឱ្យកម្លាំងអាម៉េរិកចត់បាយមិនស្ទើរនោះទេ។
សង្គ្រាមបញ្ឆេះឡើងដោយអាម៉េរិក៉ និងអ៊ីស្រាអែលនេះកំពុងរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា។ សារព័ត៌មាន Aljazeera បានរាយការណ៍ថា មូលដ្ឋានយោធា និងស្ថាប័នផលប្រយោជន៍អាម៉េរិក នៅក្នុងប្រទេសបារ៉ែន គុយវែត កាតា អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត សុទ្ធតែរងការវាយប្រហារយ៉ាងចាស់ដៃពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ទោះបីជាថ្នាក់ដឹកនាំកំពូល និងមន្ត្រីសាសនា-យោធាអ៊ីរ៉ង់ចំនួន៤៨រូបត្រូវបានសម្លាប់តាំងពីថ្ងៃដំបូង ក៏ស្មារតីសងសឹករបស់អ៊ីរ៉ង់មិនបានថយចុះឡើយ។
យ៉ាងណាមិញសូម្បីតែអតីតប្រធានាធិបតីអាម៉េរិក លោក បៀល គ្លីនតុន ក៏បានចេញមុខមកដាស់តឿនដែរថា ជម្លោះនៅមជ្ឈិមបូព៌ា មិនមែនជាល្បែងក្មេងលេង ដែលអាចដោះស្រាយបានងាយៗនោះទេ។ លោកបានបញ្ជាក់ថា រាល់ការសម្រេចចិត្តលើអ៊ីរ៉ង់ ទាមទារការប្រុងប្រយ័ត្នខ្ពស់បំផុត។ ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩ មក អ៊ីរ៉ង់បានចំណាយពេលជាង៥០ឆ្នាំ ដើម្បីពង្រឹងឥទ្ធិពលយោធា និងបណ្ដាញសម្ព័ន្ធមិត្តរបស់ខ្លួន ដូច្នេះការរំពឹងថា ពួកគេនឹងលុតជង្គង់ដោយងាយៗនោះ គឺជារឿងដែលពិបាកនឹងកើតឡើងបំផុត៕
ដោយៈ សរ សុជាតិ