សមាជិកសភាវៀតណាម នៅថ្ងៃទី៧ ខែមេសា បានសម្រេចជាឯកច្ឆន្ទអនុញ្ញាតឱ្យអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម កាន់តំណែងជាប្រធានាធិបតីសម្រាប់អាណត្តិ៥ឆ្នាំបន្ថែមទៀត។ ការសម្រេចនេះបានធ្វើឱ្យ លោក ក្លាយជាមេដឹកនាំវៀតណាម ដែលមានឥទ្ធិពលបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
ក្រុមអ្នកវិភាគបានលើកឡើងថា ការផ្លាស់ប្តូរនេះ គឺជាយុទ្ធសាស្ត្រពង្រឹង និងពង្រីកឥទ្ធិពលផ្ទាល់ខ្លួនរបស់លោក តូ ឡឹម ផង និងដើម្បីបង្កើនប្រសិទ្ធភាព នៃការសម្រេចចិត្តឱ្យបានរហ័សដូចទៅនឹងគំរូដឹកនាំ ដែលប្រទេសចិនកំពុងអនុវត្តផង។
បើយោងតាមរបាយការណ៍សមាជិកសភាតំណាងរាស្ត្រចំនួន៤៩៥រូប ដែលមានវត្តមានក្នុងសម័យប្រជុំរដ្ឋសភា បានបោះឆ្នោតគាំទ្រការតែងតាំងនេះទាំងស្រុង ខណៈសមាជិក៥រូបទៀតអវត្តមាន។ នៅក្នុងសុន្ទរកថាបន្ទាប់ពីជាប់ឆ្នោតលោក តូ ឡឹម បានថ្លែងថា វាជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលលោកទទួលបានតំណែងទាំងពីរក្នុងពេលតែមួយ។ លោក បានសន្យាថា នឹងដឹកនាំវៀតណាមទៅរកកំណើនថ្មី ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករ។ ជាមួយគ្នានេះ លោក ក៏បានសង្កត់ធ្ងន់លើការការពារជាតិ ការរក្សាស្ថិរភាព និងការជំរុញការអភិវឌ្ឍជាតិប្រកបដោយចីរភាព។
លោក ឡេ ហុងហៀប (Le Hong Hiep) សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន ISEAS ក្នុងប្រទេសសិង្ហបុរី បានលើកឡើងថា ការប្រមូលផ្តុំអំណាចនេះអាចបង្កហានិភ័យដល់ប្រព័ន្ធនយោបាយវៀតណាម តាមរយៈការកើនឡើង នៃរបបផ្តាច់ការ។ ប៉ុន្តែលោកបានកត់សម្គាល់ថា វាក៏អាចជួយឱ្យរដ្ឋាភិបាលអនុវត្តគោលនយោបាយសេដ្ឋកិច្ចបានលឿន និងមានប្រសិទ្ធភាពជាងមុន។
ជាមួយគ្នានេះលោក ឡិចសាន់ឌ័រ វូវីង (Alexander Vuving) មកពីមជ្ឈមណ្ឌលសិក្សាសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក យល់ឃើញថា ការរួមបញ្ចូលតួនាទីទាំងពីរនេះនឹងផ្លាស់ប្តូរទម្រង់នយោបាយផ្ទៃក្នុងវៀតណាម ទៅរកភាពប្រក្រតីថ្មី ខណៈការដឹកនាំបែបសមូហភាពកាលពីមុនប្រហែលជាលែងមានសុពលភាពទៀតហើយ។
សូមរំលឹកថា កាលពីឆ្នាំ២០២៤ ក្រោយមរណភាពរបស់អតីតអគ្គលេខាធិការបក្សលោក ង្វៀន ភូជុង, លោក តូ ឡឹម ក៏ធ្លាប់បានកាន់តំណែងទាំងពីរនេះមួយរយៈពេលខ្លីផងដែរ មុននឹងត្រូវបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាផ្លូវការនៅពេលនេះ៕
ដោយៈ សរ សុជាតិ