
ការឈ្លានពានរបស់កងទ័ពថៃ យ៉ាងគឃ្លើនមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា បានបណ្តុះស្មារតីជាតិក្នុងស្រទាប់ពលរដ្ឋខ្មែរឱ្យមានការកើនឡើងរហូតនាំគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ ដែលបញ្ហានេះ បានជះផលប៉ះពាល់យ៉ាងខ្លាំងដល់ការលក់របស់ក្រុមហ៊ុន PTT OR ដែលរួមមានទាំងប្រេងឥន្ធនៈ PTT និងកាហ្វេអាម៉ាហ្សូន។ កត្តានេះបានជំរុញឱ្យក្រុមហ៊ុន PTT OR បានវាយតម្លៃជាថ្មីពីស្ថានភាពវិនិយោគនៅកម្ពុជា ក្រោយជម្លោះព្រំដែនបានធ្វើឱ្យការលក់របស់ក្រុមហ៊ុននេះដាំក្បាលចុះយ៉ាងខ្លាំង។
លោកស្រី វីឡាវេន កានចានាកានទិ (Wilaiwan Kanjanakanti) អនុប្រធានប្រតិបត្តិជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់សាខាក្រុមហ៊ុន PTT OR បានអះអាងថា ការលក់របស់ក្រុមហ៊ុនខ្លួននៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំនេះ នៅតែរក្សាបានភាពរឹងមាំ តែលោកស្រីរំពឹងថា ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនខ្លួននឹងធ្លាក់ចុះនៅឆមាសទីពីរឆ្នាំនេះ ដោយសារការធ្វើពហិការរបស់ពលរដ្ឋខ្មែរ គួបផ្សំម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT មួយចំនួនប្តូរទៅប្រើប៊្រេនឆាយថ្មី។
ទោះជាយ៉ាងណា លោកស្រីជឿជាក់ថា ផលប៉ះពាល់ជារួមលើក្រុមហ៊ុន PTT OR នឹងមានតិចតួចដោយសារប្រតិបត្តិការនៅកម្ពុជា មានត្រឹមតែ៣ ទៅ៥% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនខ្លួនតែប៉ុណ្ណោះ៕
ដោយ៖ សុខ មង្គល