
ក្រុមហ៊ុនយុនហ្វឹង (Yunfeng Financial Group) ដែលមួយផ្នែកកាន់កាប់ដោយកំពូលមហាសេដ្ឋីចិន Jack Ma ស្ថាបនិកក្រុមហ៊ុនយក្ស Alibaba Group បានទិញគ្រីបតូ Ether ចំនួន១ម៉ឺនកាក់ក្នុងតម្លៃ៤៤លានដុល្លារអាម៉េរិក ដោយចាត់ទុកវាជាការវិនិយោគរយៈពេលវែង។ ក្រុមហ៊ុនហិរញ្ញវត្ថុដែលបានចុះបញ្ជីនៅផ្សារហ៊ុនហុងកុងខាងលើនេះ បាននិយាយថា ខ្លួននឹងពង្រីកការទិញចូលទ្រព្យសកម្មឌីជីថលផ្សេងៗទៀត ដូចជា Bitcoin និង Solana ជាដើម ស្របពេលដែលក្រុមហ៊ុនកាន់តែច្រើនបង្កើនការទិញចូល ឬកាន់កាប់គ្រីបតូ។
សូមបញ្ជាក់ថា ការហក់ចូលក្នុងវិស័យគ្រីបតូរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ ដែលមានកំពូលមហាសេដ្ឋី Jack Ma នៅពីក្រោយនេះ កើតមានឡើង ស្របពេលដែលក្រុមហ៊ុនជាច្រើនផ្សេងទៀតនៅហុងកុង ដូចជាក្រុមហ៊ុន Sinohope Technology ជាដើម ក៏កំពុងបង្កើតមូលនិធិគ្រីបតូធំៗផងដែរ ដែលនេះបង្ហាញថា ក្រុមហ៊ុននានា មានចំណាប់អារម្មណ៍លើ Blockchain និងគ្រីបតូកាន់តែខ្លាំង៕
ដោយ: តែម សុខុម