នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) នឹងជួបជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ មេដឹកនាំទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីវិបុលភាពបច្ចេកវិទ្យា ដើម្បីបង្កើតយុគសម័យមាសនៃការច្នៃប្រឌិតថ្មីមួយ។
កិច្ចព្រមព្រៀងនេះនឹងផ្តោតសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការរក្សាការសម្ងាត់ព័ត៌មានស្រាវជ្រាវ ខ្សែច្រវាក់ផ្គត់ផ្គង់អ៊ីនធឺណិត 5G/6G ខ្សែច្រវាក់ផ្គត់ផ្គង់វេជ្ជសាស្ត្រ និងជីវបច្ចេកវិទ្យា និងវិស័យមួយចំនួន ដែលនឹងកំណត់ជំហានជាក់លាក់ឆ្ពោះទៅរកកិច្ចសហការលើបច្ចេកវិទ្យាសំខាន់ៗ។
អនុស្សរណៈនេះ ក៏នឹងជំរុញឱ្យមានការលើកកម្ពស់ការនាំចេញហេដ្ឋារចនាសម្ពន្ធផ្នែករឹង និងកម្មវិធីបញ្ញាសិប្បនិម្មិត ដែលនឹងរួមបញ្ចូលទាំងឧបករណ៍ និងគ្រឿងបរិក្ខារ ដែលបម្រើឱ្យការអភិវឌ្ឍ AI ដូចជាមជ្ឈមណ្ឌលទិន្នន័យ និងកុំព្យូទ័រទំនើបជាដើម។
អនុស្សរណៈនេះ ត្រូវបានជំរុញមួយផ្នែកដោយសារការព្រួយបារម្ភពីការរីកចម្រើនរបស់ចិន ក្នុងវិស័យទាំងនេះ។ រដ្ឋាភិបាលចិន បានចំណាយប្រាក់យ៉ាងច្រើនលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសរបស់ពួកគេ ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនបានសម្តែងការព្រួយបារម្ភអំពីភាពឯកជន និងភាពត្រឹមត្រូវអំពីប្រព័ន្ធ AI ដែលបង្កើតឡើងដោយប្រទេសចិន។
ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភអំពីប្រទេសកំពុងអភិវឌ្ឍន៍ដែលពឹងផ្អែកលើ AI របស់ប្រទេសចិន ខណៈភាគីទាំងពីរមានបំណងលើកកម្ពស់ការទទួលបានប្រព័ន្ធ AI ដែលមានសុវត្ថិភាព និងអាចទុកចិត្តបានជាងមុន និងនាំផ្លូវក្នុងការកំណត់ស្តង់ដាអន្តរជាតិ។
រដ្ឋាភិបាលជប៉ុនគ្រោងនឹងរៀបចំផែនការមួយនៅឆ្នាំនេះ ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ AI ក៏ដូចជាការប្រើប្រាស់ AI ផងដែរ ដោយគេរំពឹងថា នឹងមានការគាំទ្រពីរដ្ឋាភិបាលសម្រាប់ AI ផលិតក្នុងស្រុកដែលមានគុណភាពខ្ពស់ និងនាំចេញទៅកាន់ទីផ្សារកំពុងអភិវឌ្ឍន៍ និងទីផ្សារផ្សេងៗទៀត៕