
រដ្ឋាភិបាលជប៉ុន ក្រោមការដឹកនាំរបស់លោក ស៊ីហ្គេរូ អ៊ីស៊ីបា កំពុងប្រឹងប្រែងជាខ្លាំងដើម្បីទប់ស្កាត់កុំឱ្យតម្លៃអង្ករចេះតែកើនឡើង ដោយសារតែមានតម្រូវការខ្ពស់នៅតាមអាហារដ្ឋាននៅទូទាំងប្រទេសជប៉ុន។ ដូច្នេះហើយរដ្ឋាភិបាលជប៉ុន បានអនុញ្ញាតឱ្យនាំចូលអង្ករពីប្រទេសថៃ និងវៀតណាម កាន់តែច្រើនឡើង ដើម្បីដោះស្រាយបញ្ហានេះ ខណៈតម្លៃអង្ករក្នុងស្រុកបានហក់ឡើងដល់ប្រមាណ៣០ដុល្លារក្នុងអង្ករ៥គីឡូក្រាម គិតត្រឹមចុងខែឧសភា។
ស្របពេលតម្លៃអង្គរនៅជប៉ុន កំពុងមានការកើនឡើង ក្រុមហ៊ុនអង្ករដ៏ធំមួយរបស់វៀតណាម គ្រោងនាំចេញអង្ករជាង២ម៉ឺនតោន ទៅកាន់ប្រទេសជប៉ុន នៅឆ្នាំនេះ ដោយកើនឡើងបួនដងបើធៀបនឹងចំនួននាំចេញសរុបកាលពីឆ្នាំមុន ឬស្មើនឹងការប្រើប្រាស់ប្រចាំឆ្នាំសម្រាប់ប្រជាជនជប៉ុនប្រហែល៤០ម៉ឺននាក់។
ជាការពិត អង្ករដែលបាននាំចូលពីវៀតណាម ត្រូវបានដាក់លក់ក្នុងទីផ្សារនៅជប៉ុន ក្នុងតម្លៃមួយសមរម្យដែលអាចទទួលយកបាន។ ជាក់ស្ដែងហាងលក់អង្ករមួយក្នុងខេត្តកាណាហ្កាវ៉ា ជិតទីក្រុងតូក្យូ ប្រទេសជប៉ុន បាននាំចូលអង្ករពីក្រុមហ៊ុនវៀតណាម ខាងលើ និងបានដាក់លក់ក្នុងតម្លៃប្រហែល២២ដុល្លារប៉ុណ្ណោះ ក្នុងអង្ករ៥គីឡូក្រាម គិតត្រឹមចុងខែឧសភា ពោលគឺទាបជាង២%នៃតម្លៃអង្ករលក់រាយជាមធ្យមនៅជប៉ុន។ ក្រៅពីមានតម្លៃទាប អង្ករវៀតណាម ក៏ទទួលបានការគាំទ្រខ្លាំងពីភោជនីយដ្ឋានរបស់ជប៉ុន ដែលកំពុងបម្រើសេវាម្ហូបអាហារនៅក្នុងតំបន់អាស៊ីផងដែរ។
ក្រៅពីវៀតណាម ប្រទេសថៃ ក៏បាននាំចេញអង្ករទៅប្រទេសជប៉ុន ផងដែរ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភិឆៃ ណារីថាផាន (Pichai Naripthaphan) បាននិយាយថា ថៃនឹងលក់អង្ករទៅកាន់ប្រទេសជប៉ុន ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករថៃ ដោយសម្ដែងក្ដីសង្ឃឹមថា ការនាំចេញអង្ករនឹងនាំយករូបិយប័ណ្ណបរទេសចូលក្នុងប្រទេសថៃ ថែមទៀត ប៉ុន្តែគ្មានរបាយការណ៍អំពីបរិមាណដែលថៃ បាននាំចេញអង្ករទៅប្រទេសជប៉ុននោះទេ៕
ដោយ៖ សុខ មង្គល