
ប្រទេសជប៉ុន កំពុងសម្លឹងជ្រើសរើសពលករពីអាស៊ីខាងត្បូង និងអាស៊ីកណ្ដាល ដូចជា ឥណ្ឌា ស្រីលង្កា អ៊ូសបេគីស្ថាន និងបង់ក្លាដែស ជាដើម ខណៈពលករបរទេសដែលជប៉ុនទទួលបានពីតំបន់អាស៊ានកាន់តែតិចទៅៗ ដោយសារឱកាសការងារនៅក្នុងស្រុករបស់ពួកគេកាន់តែប្រសើរឡើង ដែលធ្វើឱ្យពួកគេមិនចង់ធ្វើចំណាកស្រុក ឃ្លាតឆ្ងាយពីផ្ទះ និងក្រុមគ្រួសារ ។
ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ជប៉ុននឹងចាត់តាំងអង្គភាពវិស័យឯកជនមួយឱ្យពិភាក្សាជាមួយបណ្ដាទីភ្នាក់ងារជ្រើសរើសពលករនៅក្នុងបណ្ដាប្រទេសនៅអាស៊ីខាងត្បូង និងអាស៊ីកណ្ដាល ដូចជាឥណ្ឌា ស្រីលង្កា អ៊ូសបេគីស្ថាន និងបង់ក្លាដែស ជាដើម ដើម្បីទទួលយកពលករពីប្រទេសទាំងនេះទៅបំពេញកង្វះកម្លាំងពលកម្មនៅក្នុងប្រទេសជប៉ុន ក្នុងវិស័យសំខាន់ៗ រួមមាន ការ ថែទាំមនុស្សចាស់ជរា និងកុមារ ភោជនីយដ្ឋាន និងសំណង់ជាដើម។
បច្ចុប្បន្ន ប្រទេសជប៉ុន បានជួលពលករបរទេសប្រមាណ៧៤ម៉ឺននាក់ ដោយក្នុងនោះពលករវៀតណាម មានចំនួនស្ទើរតែពាក់កណ្ដាលទៅហើយ។ ប៉ុន្តែស្របពេលដែលសេដ្ឋកិច្ចរបស់វៀតណាម មានសម្ទុះកើនឡើង និងប្រាក់ឈ្នួលកើនឡើង ក្រុមមន្ត្រីជប៉ុន រំពឹងថា ការជួលពលករបរទេសពីតំបន់អាស៊ាន តួយ៉ាងដូចវៀតណាមជាដើមនឹងកាន់តែពិបាក។
ទន្ទឹមនឹងនេះ ការប្រកួតប្រជែងពីប្រទេសកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ក៏កំពុងកើនឡើងកាន់តែខ្លាំងផងដែរ ដោយសារពួកគេដំឡើងប្រាក់ឈ្នួលខ្ពស់ និងពង្រីកកម្មវិធីជ្រើសរើសពលករបរទេសដែលធ្វើឱ្យជប៉ុន កាន់តែពិបាកប្រកួតប្រជែងក្នុងការដណ្ដើមទីផ្សារពលករបរទេស ៕
ដោយ: តែម សុខុម