ការអនុម័តសេចក្ដីព្រាងច្បាប់ថវិកាការពារជាតិ ដ៏ច្រើនលើសលុប នៅឆ្នាំសារពន្ធ២០២៦នេះ បានកើនឡើងជិត ១០% បើធៀបនឹងឆ្នាំ២០២៥ ហើយនេះ គឺជាឆ្នាំទី៤នៃកម្មវិធីរយៈពេល៥ឆ្នាំ របស់ជប៉ុន ដើម្បីបង្កើនទ្វេដងនូវការចំណាយលើអាវុធប្រចាំឆ្នាំឱ្យដល់ ២%នៃផលិតផលក្នុងស្រុកសរុប។
ការបង្កើនថវិកានេះបានកើតឡើងចំពេលប្រទេសជប៉ុន ប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងឡើងជាមួយនឹងប្រទេសចិន។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយកាលពីខែវិច្ឆិកាថា យោធារបស់ជប៉ុន អាចចូលរួម ប្រសិនបើចិន ចាត់វិធានការប្រឆាំងនឹងតៃវ៉ាន់។
ផែនការថវិកាថ្មីនេះ ត្រូវបែងចែកជាង៦ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកាំជ្រួចមីស៊ីលទំនើបៗរបស់ប្រទេសជប៉ុន រួមបញ្ចូលទាំងការទិញមីស៊ីលបាញ់ពីគោកទៅដើម្បីកម្ទេចនាវា Type-12 ដែលផលិតក្នុងស្រុក ដែលអាចបាញ់បានចម្ងាយប្រហែល១ពាន់គីឡូម៉ែត្រក្នុងតម្លៃជាង ១ពាន់លានដុល្លារផងដែរ។
មន្ត្រីក្រសួងការពារជាតិជប៉ុន បាននិយាយថា ដើម្បីការពារឆ្នេរសមុទ្រ ជប៉ុននឹងចំណាយប្រាក់ជិត ៦៤០លានដុល្លារ ដើម្បីដាក់ពង្រាយយន្តហោះដ្រូនដ៏ច្រើនទាំងនៅលើអាកាស លើផ្ទៃទឹក និងក្រោមទឹកសម្រាប់ការឃ្លាំមើល និងការពារជាតិ ក្រោមប្រព័ន្ធមួយដែលមានឈ្មោះថា ខែលការពារ (SHIELD) ដែលបានគ្រោងទុកសម្រាប់ខែមីនា ឆ្នាំ២០២៨។
ប្រទេសចិន ថ្មីៗនេះ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនបានចេញមកព្រមានចំៗ ចំពោះការពង្រីកសមត្ថភាពយោធាជប៉ុនថា ជារឿងគ្រោះថ្នាក់សម្រាប់តំបន់៕