
ទីភ្នាក់ងារសេវាហិរញ្ញវត្ថុ និងគណៈកម្មាធិការឃ្លាំមើលទីផ្សារមូលបត្ររបស់ជប៉ុន នឹងប្រគល់សិទ្ធិអំណាចបើកការស៊ើបអង្កេត និងដាក់ពិន័យជនណា ដែលប្រើប្រាស់ព័ត៌មានសម្ងាត់ដូចជាព័ត៌មានទាក់ទិនការចុះបញ្ជីរូបិយប័ណ្ណឌីជីថល ឬគ្រីបតូជាសម្ងាត់ ឬបញ្ហា Error ក្នុងប្រព័ន្ធជួញដូរគ្រីបតូ ដើម្បីផលចំណេញ។
បច្ចុប្បន្នភាគច្រើននៃការជួញដូរគ្រីបតូនៅក្នុងប្រទេសជប៉ុន ត្រូវបានគ្រប់គ្រងដោយការវេទិកា ឬ Platform ជួញដូរគ្រីបតូ ប៉ុន្តែអាជ្ញាធរជប៉ុន បាននិយាយថា ការត្រួតពិនិត្យសកម្មភាពជួញដូរគ្រីបតូមានភាពធូររលុង ហើយថា ច្បាប់ថ្មីនេះមានគោលបំណងធ្វើឱ្យទីផ្សារកាន់តែមានភាពត្រឹមត្រូវ និងតម្លាភាពជាងមុនសម្រាប់អ្នកវិនិយោគ។
រដ្ឋាភិបាលជប៉ុននឹងបញ្ចប់ការធ្វើសេចក្ដីព្រាងច្បាប់នេះយ៉ាងលម្អិតនៅឆ្នាំ២០២៥ នេះ ដើម្បីត្រៀមអនុម័តនៅឆ្នាំ២០២៦។ ទិន្ន័យផ្លូវការរបស់ជប៉ុន បានបង្ហាញថា ទីផ្សារគ្រីបតូនៅប្រទេសជប៉ុន មានសម្ទុះកើនឡើងយ៉ាងឆាប់រហ័សដោយមានគណនីគ្រីបតូសកម្មរហូតដល់ទៅ៧,៩ លានគណនី គិតត្រឹមខែសីហា ឆ្នាំ២០២៥ ដោយកើនឡើង៤ដង បើធៀបនឹង៥ឆ្នាំមុន។ ច្បាប់ថ្មីនេះ នឹងចាប់ផ្ដើមគ្រប់គ្រងគ្រីបតូឱ្យកាន់តែតឹងរ៉ឹងជាងមុន ដោយផ្ដោតលើការការពារអ្នកវិនិយោគ និងការឱ្យជួញដូរគ្រីបតូមានតម្លាភាពជាងមុន ជាជាងគ្រាន់តែចាត់ទុកគ្រីបតូជាឧបករណ៍មួយសម្រាប់ការទូទាត់ ឬការផ្ទេរប្រាក់។
នៅទូទាំងពិភពលោក ការជួញដូរគ្រីបតូជាសម្ងាត់បានក្លាយជាបញ្ហាមួយ ដែលកំពុងរីករាលដាលកាន់តែខ្លាំងគួរឱ្យបារម្ភ។ ចំណាត់ការរបស់ជប៉ុន នេះធ្វើឡើង បន្ទាប់ពីសហភាពអឺរ៉ុប និងកូរ៉េខាងត្បូង បានចាត់វិធានការស្រដៀងគ្នាក្នុងការបង្ក្រាបការក្រឡុកទីផ្សារគ្រីបតូ និងដើម្បីទប់ស្កាត់ការលាងលុយកខ្វក់តាមរយៈគ្រីបតូ៕
ដោយ: តែម សុខុម