គោលដៅដាក់ឱ្យដំណើរការឡានក្រុង តាក់ស៊ី និងរថយន្តដឹកទំនិញបើកបរដោយខ្លួនឯងក្នុងចំនួនរាប់ម៉ឺនគ្រឿងដែលត្រូវបានស្នើឡើងកាលពីពេលថ្មីៗនេះដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន តាមរយៈសេចក្តីព្រាងផែនការដឹកជញ្ជូនថ្នាក់ជាតិនេះ គឺជាលើកដំបូងហើយ។
បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន មានផែនការកំណត់ទីតាំងផ្ដល់សេវាកម្មឡានក្រុង តាក់ស៊ី និងរថយន្តដឹកទំនិញបើកបរដោយខ្លួនឯងតែចំនួន ១០០ កន្លែងសិនប៉ុណ្ណោះនៅត្រឹមឆ្នាំសារពើពន្ធ២០២៧។
រដ្ឋាភិបាលជប៉ុន រំពឹងថានឹងមានយានយន្តបើកបរដោយខ្លួនឯងបែបនេះតិចជាង ១.០០០ គ្រឿងនៅត្រឹមឆ្នាំ២០២៧ ប៉ុន្តែមានគោលបំណងពង្រីកចំនួននេះឱ្យកើនលើស ១០ ដងនៅត្រឹមឆ្នាំ២០៣០។
សូមបញ្ជាក់ថា ការពន្លឿនការអនុម័តដាក់ឱ្យដំណើរការយានយន្តបើកបរដោយខ្លួនឯងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងស្រុក និងភ័ស្តុភារកម្ម ដោយសារពិបាករកមនុស្សឱ្យធ្វើជាអ្នកបើកបរខ្លាំងណាស់នៅក្នុងតំបន់ជាច្រើន នៃប្រទេសជប៉ុន ដោយសារតែកង្វះកម្លាំងពលកម្មនៅក្នុងប្រទេសនេះ៕