
សារព័ត៌មាន នីកេអេស៊ា បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុននឹងដំឡើងថ្លៃទិដ្ឋាការឱ្យស្មើនឹងថ្លៃទិដ្ឋាការរបស់សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ក្រុមប្រទេសជី៧ និងរដ្ឋជាសមាជិករបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD)។ ប៉ុន្តែរដ្ឋាភិបាលជប៉ុន មិនទាន់បានបញ្ជាក់ពីតម្លៃថ្មី ដែលគ្រោងដំឡើងនៅឡើយទេ។ ការដំឡើងនេះនឹងអនុវត្តចំពោះទិដ្ឋាការទេសចរណ៍ អាជីវកម្ម និងការស្នាក់រយៈពេលវែង។
បច្ចុប្បន្នទិដ្ឋាការចូលប្រទេសជប៉ុន មានតម្លៃចន្លោះពី២០ដុល្លារ ដល់៤០ដុល្លារ ខណៈទិដ្ឋាការរបស់អាម៉េរិក មានតម្លៃ១៨៥ដុល្លារសម្រាប់ទិដ្ឋាការស្នាក់នៅរយៈពេលខ្លី រីឯទិដ្ឋាការចូលទៅចក្រភពអង់គ្លេស មានតម្លៃ១៧៧ដុល្លារ និងទិដ្ឋាការរបស់កាណាដា មានតម្លៃ៧១ដុល្លារ។ ចំណែកប្រទេសបារាំង, អាល្លឺម៉ង់ និងអ៊ីតាលី ដែលជាសមាជិកនៃកិច្ចព្រមព្រៀងតំបន់សេនជេន ដែលធានានូវសេរីភាពនៃការធ្វើដំណើរនៅក្នុងតំបន់នេះមានតម្លៃ១០៥ដុល្លារសម្រាប់ទិដ្ឋាការរយៈពេលខ្លី។
គម្រោងដំឡើងថ្លៃទិដ្ឋាការរបស់ជប៉ុននេះ ធ្វើឡើងចំពេលភ្ញៀវទេសចរអន្តរជាតិ ទៅលេងកម្សាន្តនៅក្នុងប្រទេសនេះ មានការកើនឡើងខ្លាំង។ ជាក់ស្តែងនៅឆមាសទី១ឆ្នាំនេះ ជប៉ុនទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង២១លាននាក់ មានការកើនឡើងជិត១៨លាននាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាលើកទីមួយហើយដែលជប៉ុន បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ លើសពី២០លាននាក់ ក្នុង១ឆមាស ហើយចំនួននេះ ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែម។
រដ្ឋាភិបាលជប៉ុន ជឿថា ការដំឡើងថ្លៃទិដ្ឋាការនេះនឹងមិនធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេសទៅកម្សាន្តនៅប្រទេសនេះមានការធ្លាក់ចុះខ្លាំងនោះឡើយ ហើយវានឹងជួយកាត់បន្ថយចំនួនទេសចរលើសកម្រិតផងដែរ៕
ដោយ៖ សុខ មង្គល