
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Nissan គ្រោងបិទរោងចក្ររហូតដល់ទៅ៧ក្នុងចំណោមរោងចក្រទាំង១៧របស់ខ្លួន ក្រោមយុទ្ធសាស្ត្ររៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ធំមិនធ្លាប់មានរបស់នាយកប្រតិបត្តិថ្មីរបស់ខ្លួន ដើម្បីជួយសង្គ្រោះក្រុមហ៊ុនដែលរងការខាតបង់ធ្ងន់ធ្ងរមួយនេះ។
ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក អ៊ីវែន អេស្ពីណូសា (Ivan Espinosa) បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៣ ខែឧសភា ថា ក្រុមហ៊ុន Nissan នឹងបង្រួមចំនួនរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ ហើយនឹងរើទីតាំងផលិតកម្មនៅក្នុងប្រទេសអាហ្សង់ទីនទៅកាន់ប្រទេសប្រេស៊ីល ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។ លោកបានបន្ថែមថា ក្រុមហ៊ុន Nissan កំពុងវាយតម្លៃស្ថានភាពទីផ្សារទូទាំងពិភពលោក រួមទាំងក្នុងប្រទេសជប៉ុន ផងដែរ។
ការប្រកាសផែនការកាត់បន្ថយចំនួនរោងចក្រនេះ ធ្វើឡើងក្នុងថ្ងៃតែមួយ ដែលក្រុមហ៊ុន Nissan បានប្រកាសការខាតបង់យ៉ាងធ្ងន់ធ្ងររហូតដល់ទៅ៤,៥ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលបានបិទបញ្ចប់ត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥។ ការខាតបង់នេះគឺនៅតិចជាងអ្វីដែលក្រុមហ៊ុនបានព្យាករកាលពីចុងខែមេសា ថា ខ្លួនអាចនឹងខាតបង់ចន្លោះពី៤,៧ពាន់លានដុល្លារ ទៅ៥,១ពាន់លានដុល្លារ។ ដោយសារតែខាតបង់ធ្ងន់ធ្ងរ ក្រុមហ៊ុន Nissan នឹងមិនបែងចែកភាគលាភឡើយ ពោលគឺមិនខុសពីឆ្នាំមុននោះទេ។
សូមបញ្ជាក់ថា ការខាតបង់ដ៏ធ្ងន់ធ្ងរនេះ គឺដោយសារការលក់របស់ក្រុមហ៊ុន Nissan នៅក្នុងបណ្ដាប្រទេស ដែលជាទីផ្សារធំៗរបស់ខ្លួនរួមមានទាំងសហរដ្ឋអាម៉េរិក និងប្រទេសចិនផងដែរ ព្រមទាំងការខាតបង់ដែលបណ្ដាលមកពីការធ្លាក់ថ្លៃនៃទ្រព្យសកម្មរបស់ខ្លួននៅទូទាំងទ្វីបអាម៉េរិកខាងជើង តំបន់អាម៉េរិកឡាទីន អឺរ៉ុប និងជប៉ុន៕
ដោយ: តែម សុខុម