ក្រុមហ៊ុន Suzuki

ក្រុមហ៊ុនរបស់ជប៉ុន Suzuki សម្រេចលក់រោងចក្រផលិតរថយន្តនៅថៃ ហើយនឹងចាកចេញពីទីផ្សារនេះ


ក្រុមហ៊ុនជប៉ុន Suzuki Motor បានយល់ព្រមលក់រោងចក្រផលិតរថយន្តរបស់ខ្លួននៅខេត្ត Rayong ប្រទេសថៃ ឱ្យទៅក្រុមហ៊ុនអាម៉េរិក Ford Motor ក្រោយឈប់ផលិតទាំងស្រុងនៅដំណាច់ឆ្នាំ២០២៥ ហើយនឹងចាកចេញពីទីផ្សារប្រទេសថៃ ឆាប់ៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។ តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនជប៉ុន Suzuki លក់រោងចក្ររបស់ខ្លួនឱ្យទៅក្រុមហ៊ុនអាម៉េរិក Ford ហើយនឹងចាកចេញពីទីផ្សារប្រទេសថៃ?
ក្រុមហ៊ុន Suzuki
ដោយ

នៅក្នុងចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើល Suzuki Motor ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញរបស់ជប៉ុនបានទម្លាយឱ្យដឹងថា ខ្លួនបានយល់ព្រមលក់រោងចក្រផលិតរថយន្តរបស់ខ្លួននៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ឱ្យទៅក្រុមហ៊ុន Ford Motor ដែលជាក្រុមហ៊ុនយក្សរបស់សហរដ្ឋអាម៉េរិក ក្រោយពីឈប់ផលិតទាំងស្រុងនៅដំណាច់ឆ្នាំ២០២៥ ហើយនឹងចាកចេញពីទីផ្សារប្រទេសថៃ ឆាប់ៗនេះ។

ការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ ធ្វើឡើង​បន្ទាប់ពីការផលិតរថយន្តរបស់ខ្លួនបានធ្លាក់ចុះយ៉ាងខ្លាំង ដោយបានធ្លាក់ចុះពីជិត៦០,០០០គ្រឿងក្នុងមួយឆ្នាំ ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួនមកនៅត្រឹម៤,៤០០គ្រឿងនៅឆ្នាំ២០២៤។ ក្រុមហ៊ុន Suzuki បាននិយាយថា រថយន្តតូចៗដែលខ្លួនផលិតលក់មិនដាច់ដូចការរំពឹងទុកនោះទេ ហើយណាមួយលុយបាតរបស់ថៃ ហក់ឡើងថ្លៃ និងសម្ពាធសេដ្ឋកិច្ចនៅក្នុងប្រទេសថៃ បានធ្វើឱ្យការផលិតរបស់ខ្លួនមិនសូវមានស្ថិរភាព។

រោងចក្ររបស់ក្រុមហ៊ុនជប៉ុន Suzuki នៅខេត្តរ៉ាក់យ៉ង ដែលបានបើកដំណើរការចាប់តាំងពីឆ្នាំ២០១២ ជាមួយនឹងទំហំទុនវិនិយោគប្រមាណ១២៨លានដុល្លារអាម៉េរិក មានសមត្ថភាពផលិតរថយន្តបានចំនួន៨០,០០០គ្រឿងក្នុងមួយឆ្នាំ ហើយធ្លាប់បានផលិតម៉ូដែលពេញនិយមមួយចំនួនដូចជាម៉ូឌែល Swift ជាដើម។

សម្រាប់ក្រុមហ៊ុនយក្សអាម៉េរិក Ford ការទិញយករោងចក្រនេះ នឹងពង្រឹងប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសថៃ ដែលជាមូលដ្ឋាននាំចេញដ៏សំខាន់សម្រាប់រថយន្តភីកអាប់ម៉ូឌែល Ranger និងរថយន្ត SUV ម៉ូឌែល Everest របស់ខ្លួន។ កិច្ចព្រមព្រៀងទិញលក់នេះ ក៏ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរកាន់តែទូលំទូលាយក្នុងឧស្សាហកម្មរថយន្តនៅប្រទេសថៃ ផងដែរ ជាកន្លែងដែលបណ្ដាក្រុមហ៊ុនផលិតរថយន្តជប៉ុន កំពុងបាត់បង់ទីផ្សារជាបន្តបន្ទាប់ដោយសារការប្រកួតប្រជែងកាន់តែខ្លាំងក្លាពីរថយន្តអគ្គិសនីចិន ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ទោះជាយ៉ាងណា ទំហំនៃកិច្ចព្រមព្រៀងទិញលក់រោងចក្រនេះមិនត្រូវបានម្លាយឱ្យដឹងនោះទេ ហើយដំណើរការនៃការផ្ទេររោងចក្រនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់សព្វគ្រប់នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើកម្ពុជា គួរប្រើយន្តការណាដើម្បីអាចទាមទារដីដែលថៃ កំពុងកាន់កាប់ដោយខុសច្បាប់ត្រឡប់មកវិញ?

ក្រោយយោធាថៃ បានឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ទាំងខុសច្បាប់ ថ្មីៗនេះគេសង្កេតឃើញថា ថៃ បានសាងសង់សំណង់រឹងនៅទឹកដីខ្មែរជាច្រើនកន្លែង ដែល…

លោក ត្រាំ គំរាមដំឡើងពន្ធ១០០% លើកាណាដា បើហ៊ានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធ១០០% លើទំនិញនាំចេញគ្រប់ប្រភេទរបស់កាណាដា ទៅកាន់សហរដ្ឋអាម៉េរិក ប្រសិនបើកាណាដា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ