
លោក អ៊ីស៊ីបា បាននិយាយនៅក្នុងវេទិកាអនាគតប្រចាំឆ្នាំរបស់សារព័ត៌មាននីកេថា ជប៉ុន ត្រូវតែរក្សាតុល្យភាពអំណាចនៅក្នុងតំបន់ ដូច្នេះវាចាំបាច់ណាស់ ដែលទាមទារឱ្យមានការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការចូលរួមការពារសន្តិសុខនៅក្នុងតំបន់។
នៅក្នុងអំឡុងធ្វើទស្សនកិច្ចនៅសេតវិមានកាលពីខែកុម្ភៈ លោក អ៊ីស៊ីបា និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាក្នុងការពង្រឹងសម្ព័ន្ធភាព ជប៉ុន-អាម៉េរិក និងសហការគ្នាដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលសេរី និងបើកចំហ ដែលជាចក្ខុវិស័យមួយនៃសណ្ដាប់ធ្នាប់ផ្អែកលើច្បាប់ និងសេរីនិយមនៅក្នុងតំបន់។
យ៉ាងណាក៏ដោយលោក អ៊ីស៊ីបា បានរក្សាជំហរប្រកបដោយតុល្យភាពចំពោះប្រទេសចិន លើបញ្ហាសន្តិសុខ ដូច្នេះប្រទេសជប៉ុននឹងបន្តទំនាក់ទំនងជាមួយប្រទេសចិន នៅគ្រប់កម្រិតព្រមទាំងបន្តទំនាក់ទំនងជាមួយមេដឹកនាំអាម៉េរិក ផងដែរ។ ប៉ុន្តែដោយមានការប្រកួតប្រជែងគ្នារវាងអាម៉េរិក និងចិន កាន់តែខ្លាំង នាយករដ្ឋមន្ត្រីជប៉ុន រូបនេះ បាននិយាយថា ពិភពលោកកំពុងឈានដល់ចំណុចរបត់ជាប្រវត្តិសាស្ត្រ ខណៈការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរនេះកាន់តែស្មុគស្មាញ។ បរិយាកាសពិភពលោកដែលកំពុងកើតឡើងបច្ចុប្បន្នកំពុងជំរុញឱ្យប្រទេសជាច្រើនងាកមករកដៃគូនៅក្នុងតំបន់ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ៕
ដោយ៖ សុខ មង្គល