ប្រទេសជប៉ុន

រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុនថា អង់គ្លេសនឹងចូលជាសមាជិករបស់កិច្ចព្រមព្រៀង CP TPP នៅឆ្នាំនេះ


សមាជិកនៃកិច្ចព្រមព្រៀងវឌ្ឍនភាពគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CP TPP អាចយល់ព្រមជាគោលការណ៍ ដើម្បីអនុញ្ញាតឱ្យចក្រភពអង់គ្លេសចូលរួមជាសមាជិកថ្មីនៅត្រឹមឆ្នាំនេះ ដោយអនុវត្តតាមករណីរបស់សមាជិកភាពសហភាពអឺរ៉ុប ពិសេសទុកជាគំរូសម្រាប់ប្រទេសផ្សេងទៀត ដែលប្រាថ្នាចង់ចូលរួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះ នាពេលអនាគត។ នេះបើតាមការអះអាងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន ហើយត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
បេក្ខភាពអង់គ្លេសក្នុងកិច្ចព្រមព្រៀង CPTPP!

រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន លោក Daishiro Yamagiwa នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃចុងសប្តាហ៍មុន បានបង្ហាញជំនឿចិត្តថា ចក្រភពអង់គ្លេសទំនងអាចចូលជាសមាជិករបស់កិច្ចព្រមព្រៀងវឌ្ឍនភាពគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬ CPTPP នៅក្នុងឆ្នាំ២០២២នេះ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពី មានជំនួបប្រជុំថ្នាក់រដ្ឋមន្ត្រី CP TPP ក្នុងប្រទេសសិង្ហបុរី ក្រោមការដឹកនាំប្រជុំដោយប្រទេសជប៉ុនដែលជា ប្រធានក្រុងការងារត្រួតពិនិត្យលើសមាជិកភាពរបស់អង់គ្លេស ហើយសមាជិកភាពច្រើនបានបង្ហាញទស្សនវិជ្ជមានទៅលើចក្រភពអង់គ្លេស។

ជាងនេះទៅទៀត រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុនរូបនេះ ជឿថាសមាជិកភាពរបស់អង់គ្លេសក្នុងកិច្ចព្រមព្រៀង CP TPP នៅពេលនេះ នឹងក្លាយជាគំរូដ៏ល្អសម្រាប់អ្នកក្រោយៗ ដែលចង់ចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះដែរ ពិសេសគឺការបំពេញតាមស្តង់ដារខ្ពស់ ក្នុងការធ្វើពាណិជ្ជកម្មស្របតាមច្បាប់ និងតម្លាភាព។

គួររំឭកថា ក្រោយពីបំបែកចេញពីសហភាពអឺរ៉ុបបានមួយឆ្នាំ អង់គ្លេសងាកទៅរកដៃគូថ្មីៗ។ ជាក់ស្តែង អង់គ្លេសបានស្នើសុំជាផ្លូវការកាលពីដើមខែកុម្ភៈឆ្នាំ២០២១ ចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក។ ប៉ុន្មានខែក្រោយមក គណៈកម្មាការ CP TPP បានយល់ព្រមចាប់ផ្តើមការចរចាជាផ្លូវការជាមួយអង់គ្លេស។

មួយរយៈមុនក៏មានដែរ កោះតៃវ៉ាន់ ប្រទេសចិន អេក្វាដឺ និងកូស្តារីកា បានស្នើសុំចូលជាសមាជិក និងត្រូវបានគណៈកម្មការ CPTPP លើកយកមកពិភាក្សាគ្នាហើយដែរ ប៉ុន្តែមិនទាន់មានអ្វីជាដុំកំភួនឡើយ។

កាលពីខែកញ្ញាឆ្នាំមុន ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកបានដាក់ពាក្យស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀង CP TPP ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សិង្ហបុរី និងម៉ាឡេស៊ីបាននិយាយថា ពួកគេស្វាគមន៍ចិនក្នុងការចូលរួមជាមួយកិច្ចព្រមព្រៀងនេះ ។ ប៉ុន្តែប៉ុន្មានថ្ងៃបន្ទាប់ពីការដាក់ពាក្យសុំរបស់ចិន កោះតៃវ៉ាន់បានបញ្ជូនសំណើរបស់របស់ខ្លួនមកដែរ។

ប្រទេសម៉ាឡេស៊ី កាលពីចុងខែកញ្ញាកន្លងទៅនេះ ក៏ទើបតែបានផ្ដល់សច្ចាប័នផ្លូវការ សម្រាប់កិច្ចព្រមព្រៀង CP TPPនេះផងដែរ ។ កិច្ចព្រមព្រៀង CP TPP ត្រូវបានបង្កើតឡើងតាំងពីខែមីនាឆ្នាំ២០១៨ ដោយប្រទេសជាសមាជិកចំនួន១១ ហើយប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសទី៩ហើយ ដែលបានផ្ដល់សច្ចាប័នសម្រាប់កិច្ចព្រមព្រៀងនេះ និងនៅសល់ប្រទេសចំនួន២ទៀត មិនទាន់ផ្ដល់សច្ចាប័ន រួមមាន ប្រ៊ុយណេ និងឈីលី។

គួរកត់សម្គាល់ថា ដើម្បីចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះបាន គឺត្រូវមានការយល់ព្រមជាការចាំបាច់ពីសមាជិកទាំង១១ប្រទេសដូចជា អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង CP TPP មានកម្មវត្ថុដើម្បីលុបរនាំងពន្ធគយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលតំណាងឱ្យការផ្តោះប្តូរពាណិជ្ជកម្មសម្រាប់ប្រជាពលរដ្ឋជិត៥០០លាននាក់ និងពិសេសគឺដើម្បី ទប់ទល់នឹងឥទ្ធិពលពាណិជ្ជកម្មចិន ដែលរីកធំជាលំដាប់ក្នុងតំបន់៕




អត្ថបទបន្ទាប់


លោកស៊ី ជីនពីងទំនងនឹងផ្តល់សេចក្តីទុកចិត្តលើមនុស្សជំនិតរបស់លោកម្នាក់ឱ្យចាត់ចែងសេដ្ឋកិច្ចប្រទេស

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងតែងតាំងមនុស្សម្នាក់ដែលជាមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់លោក ជាអ្នកដឹកនាំសេដ្ឋកិច្ចចិន ស្…

ការស្ទង់មតិ៖ ក្រុមហ៊ុនតៃវ៉ាន់កាន់តែច្រើនចាកចេញពីប្រទេសចិន ទៅកាន់តំបន់អាស៊ីអាគ្នេយ៍

ក្រុមហ៊ុនតៃវ៉ាន់មួយចំនួនដែលមានប្រតិបត្តិការនៅក្នុងប្រទេសចិនកំពុងនាំគ្នាផ្លាស់ប្តូរទីតាំងផលិតរបស់ពួកគេកាន់តែច្រើនឡើង ទៅកាន់តំបន់អាស៊ីអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ