នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន

នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ចាប់ផ្តើមបង្កើតគណៈរដ្ឋមន្ត្រី ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងការទូត


នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោកស្រី សាណាអេ តាកៃឈិ (Sanae Takaichi) បានចាប់ផ្តើមបង្កើតគណៈរដ្ឋមន្ត្រីថ្មីរបស់ខ្លួន ដោយបានតែងតាំងសមាជិកសភាក្នុងគណបក្ស ដែលកំពុងកាន់អំណាចរបស់លោកស្រី ឱ្យកាន់តំណែងរដ្ឋមន្ត្រីសំខាន់ៗ រួមទាំងសមាជិកសភាស្រីចំនួន២រូបផង ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងការទូតជាច្រើន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអាអេស៊ា។
នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន
ដោយ

ក្រោយទទួលសារតាំងជាផ្លូវការពីព្រះចៅអធិរាជជប៉ុន ណារូហ៊ីតូ (Naruhito) ដើម្បីធ្វើជានាយករដ្ឋមន្ត្រីស្រ្តីដំបូងគេរបស់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ លោកស្រី សាណាអេ តាកៃឈិ (Sanae Takaichi) មិនអង្អង់យូរឡើយដោយបានចាប់ផ្ដើមបង្កើតគណៈរដ្ឋមន្ត្រីរបស់លោកស្រីភ្លាមៗនៅក្នុងថ្ងៃដដែលនោះ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងការទូត ដែលជប៉ុន កំពុងពើបប្រទះ។

នាយករដ្ឋមន្ត្រីវ័យ៦៤ឆ្នាំរូបនេះ បានតែងតាំងបេក្ខជន៣នាក់ ក្នុងចំណោមបួននាក់ ដែលបានប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី ឱ្យចូលក្នុងគណៈរដ្ឋមន្ត្រីរបស់លោកស្រី។ បេក្ខជនទាំង៣រូបនោះ រួមមាន លោក ស៊ីនជីរ៉ូ ខយស៊ូមិ (Shinjiro Koizumi) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ រីឯលោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង និងលោក តូស៊ីមិស៊ុ ម៉ូតេហ្គិ (Toshimitsu Motegi) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។

ក្រៅពីនេះលោកស្រី តាកៃឈិ បានជ្រើសរើសលោក រីយ៉ូសេ អាកាសាវ៉ា (Ryosei Akazawa) ជារដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ហើយអ្វីគួរឱ្យកត់សម្គាល់ទៀតនោះគឺលោកស្រី បានជ្រើសរើសលោកស្រី សាតសូគិ កាតាយ៉ាម៉ា (Satsuki Katayama) ឱ្យកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងលោកស្រី ឃីមី អូណូដា (Kimi Onoda) ឱ្យកាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច។

គណៈរដ្ឋមន្ត្រីថ្មីដឹកនាំដោយលោកស្រី តាកៃឈិ នេះ ត្រូវខំប្រឹងដោះស្រាយបញ្ហាជាច្រើនរាប់ចាប់ពីអតិផរណារហូតដល់ការគ្រប់គ្រងទំនាក់ទំនងជាមួយសម្ពន្ធមិត្តសន្តិសុខរបស់អាម៉េរិក ខណៈកំពុងចរចាជារឿយៗអំពីទំនាក់ទំនងដ៏រសើបជាមួយប្រទេសជិតខាងរបស់ជប៉ុនដូចជាចិន និងកូរ៉េខាងត្បូងជាដើម។

លោកស្រី តាកៃឈិ ក៏ដូចជាលោក ខយស៊ូមិ សុទ្ធតែយល់ឃើញថា វាចាំបាច់ណាស់ក្នុងការធានាបាននូវកម្រិតជាក់លាក់ នៃការចំណាយលើវិស័យការពារជាតិ។ លោក ខយស៊ូមិ បាននិយាយថា ជប៉ុនគួរតែរក្សាគោលដៅសម្រាប់ការចំណាយនៅត្រឹម២% នៃផលិតផលក្នុងស្រុកសរុប ហើយលោកស្រី Takaichi ចង់បង្កើនការចំណាយថែមទៀត ប៉ុន្តែមិនទាន់បញ្ជាក់ពីកម្រិតដែលចង់បាននៅឡើយទេ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ស្រ្តី និងជនពិការត្រូវបានលើកទឹកចិត្ត៖ ឱកាសការងារជាច្រើនកន្លែងពី អិលអូអិលស៊ី ដែលជាស្ថាប័នដ៏ស័ក្តិសមបំផុតសម្រាប់អភិវឌ្ឍអាជីពការងារ!

អិលអូអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដែលមានកិត្តិនាមក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឆ្លើយតបទៅនឹងតម្រូវការរបស់អត…

ធនាគារ ប្រ៊ីដ និងក្រុមហ៊ុន អ អិម អេ ចុះកិច្ចសហប្រតិបត្តិការផ្តល់ឥណទានរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រធន់ធ្ងន់ និងម៉ាស៊ីនលើកដាក់ទំនិញ

ធនាគារ ប្រ៊ីដ ម.ក និងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានរៀបចំពិធីចុះហត្ថលេខា លើ អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការផ្តល់ឥណទានរថយន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ